រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ពីរនាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងកើនដល់ ១៥នាក់ហើយ !

អត្ថបទដោយ៖
ធី ដា

ខេត្តព្រះវិហារ ៖ ក្រុមការងារយកសំណាកកូវីដ១៩ នៃមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ បានចុះយកសំណាក និងប្រើឧបករណ៍តេស្តរហ័ស « RapidTest » បានធ្វើតេស្តរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ពីរនាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកកើត កើនឡើងដល់ ១៥នាក់ហើយ ។ រីឯការចុះស្រាវជ្រាវ និងការធ្វើតេស្តរហ័សនោះ បានធ្វើឡើងកាលពីយប់ថ្ងៃទី៧មិថុនាឆ្នាំ២០២១ ស្ថិតនៅក្នុងស្រុកពីរ គឺស្រុករវៀង និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះវិហារ បានឲ្យដឹងថា ក្រុមការងារយកសំណាកកូវីដ១៩ នៃមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ បានធ្វើតេស្តរហ័សជំងឺកូវីដ១៩ និងបានរកឃើញអ្នកវិជ្ជមាន ២នាក់ទៀត គឺ១.ឈ្មោះ ពេញ សុខរ័ត្ន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង និង ២.ឈ្មោះ យេន ងន ភេទស្រីអាយុ ៤៤ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំងពីរនាក់ បានធ្វើដំណើរពីខេត្តកំពង់ស្ពឺ ចូលមកក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ ។

ក្រោយការរកឃើញ អ្នកផ្ទុកជំងឺកូវីដ១៩ ទាំងពីរនាក់ ត្រូវបានក្រុមអង្កេតស្រាវជ្រាវ និងវាយតម្លៃហានិភ័យ នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដែលដឹកនាំដោយ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្ត បាននាំយកមកធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។

រដ្ឋបាលខេត្តព្រះវិហារ បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ និងអ្នកប៉ះពាល់ផ្ទាល់ប្រយោលជាមួយអ្នកជំងឺ ត្រូវរួសរាន់ទៅយកសំណានៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ឬនៅមណ្ឌលចត្តាឡីស័ក ផ្ទះសំណាក់គ្រូបង្រៀន ដែលស្ថិតនៅក្នុងក្រុងព្រះវិហារ ឲ្យបានឆាប់បំផុត ហើយបើមានការសង្ស័យកើតជំងឺកូវីដ១៩ ត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ នៅក្នុងមូលដ្ឋាននោះ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា។

គិតត្រឹមថ្ងៃនេះ ខេត្តព្រះវិហារ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១៥នាក់ ស្រី ៥នាក់ និងកុមារី ២នាក់ ក្នុងនោះជាសះស្បើយ ៣នាក់ ស្រី ១នាក់។ រីឯ អ្នកជំងឺកូវីដ-១៩ មានចំនួន ១២នាក់ ស្រី ៤នាក់ និងកុមារី ២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦មករា និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ «អតីតសាលាបឋមសិក្សាស្ថាពរ» ខេត្តព្រះវិហារ។

អាជ្ញាធរខេត្តព្រះវិហារ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ឲ្យបន្តសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច និងត្រូវបន្តអនុវត្តតាមវិធានការ ៣កុំ និង៣ការពាររបស់ រាជរដ្ឋាភិបាល ក៏ដូច សេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងពីមេរោគកូវីដ-១៩៕ ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner