រយៈពេល៥ខែឆ្នាំ២០២១ ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់ចិន កើនឡើង២៨,២ភាគរយ ស្មើនឹងទឹកប្រាក់២,៣ទ្រីលានដុល្លារ (មានវីដេអូ)
Video Link: https://fb.watch/5_SHM8u5oW/
ចិន៖ យោងតាមទិន្នន័យពីរដ្ឋបាលគយទូទៅរបស់ប្រទេសចិន (GAC) បានអោយដឹងថា ក្នុងរយៈពេល៥ខែឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មបរទេសរបស់ចិន បានកើនឡើង២៨,២ភាគរយ ស្មើនឹងទឹកប្រាក់២,៣ទ្រីលានដុល្លារ ។ ជាមួយគ្នានេះ អ្នកជំនាញក៏បានព្យាករណ៍ដែរថា ទំហំពាណិជ្ជកម្មបរទេសរបស់ចិននឹងកើនឡើងប្រមាណ២០ភាគរយនៅក្នុងត្រីមាសទី២នេះ ។
ក្នុងអំឡុងពេល៥ខែដំបូងឆ្នាំនេះ ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនជាមួយដៃគូសំខាន់ៗរួមមានអាស៊ាន អឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុន បានរាយការណ៍ពីការរីកចម្រើន ដោយអាស៊ានជាដៃគូពាណិជ្ជកម្មធំជាងគេ ។ ទិន្នន័យរបស់ GAC បង្ហាញថា ក្នុងរយៈពេលដូចគ្នាការនាំចូល-នាំចេញរបស់ចិនជាមួយបណ្តាប្រទេស និងតំបន់តាមបណ្តោយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវបានកើនឡើង២៧,៤ភាគរយដល់ទឹកប្រាក់៤,៣៦ទ្រីលានយ័ន ។
ទន្ទឹមគ្នា ការនាំចេញគ្រឿងម៉ាស៊ីន និងផលិតផលដែលពឹងផ្អែកលើកម្លាំងពលកម្មក៏បានបង្ហាញពីកំណើនផងដែរ ក្នុងចន្លោះខែមករា ដល់ខែឧសភាកន្លងទៅនេះ ។ ដោយឡែកការនាំចេញរថយន្តបានកើនឡើង៩៥,៨ភាគរយ ស្មើនឹងទឹកប្រាក់៧៥,៦៧ពាន់លានយ័ន ហើយការនាំចេញទូរស័ព្ទចល័តបានកើនឡើង២៨,៨ភាគរយ ស្មើនឹងទឹកប្រាក់៣៥៤,៨៧ពាន់លានយ័ន ៕ ប្រភព៖ GLOBAL TIMES