កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារកំព្រា ជាង២០០នាក់នៅបុរីទារក និងកុមារជាតិ បានទទួកអំណោយជាលើកទី៧ ពីកាកបាទក្រហមកម្ពុជា

ដើម្បីអបអរទិវាកុមារអន្តរជាតិ ១មិថុនា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ នៅថ្ងៃទី៨មិថុនា ឆ្នាំ២០២១ បានចាត់ឱ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី៧ ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារកំព្រា និងគ្រូ-បុគ្គលិក សរុបចំនួន ២៤៧នាក់ នៃបុរីទារក និងកុមារជាតិ ដែលមានទីតាំងស្ថិតនៅ ភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះកុមារនិងបុគ្គលិកទាំងអស់ ជាពិសេសការកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រូ-បុគ្គលិក ដែលបានយកអស់កម្លាំងកាយ-ចិត្ត មើលថែទាំ ចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្តៅ និងផ្តល់ការអប់រំ ដល់កុមារទាំងអស់ប្រកបដោយទឹកចិត្តមនុស្សធម៌ និងក្តីអាណិតស្រឡាញ់។ ទន្ទឹមនឹងនេះ ក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជាសកលជំងឺកូវីដ-១៩ លោកជំទាវ បានផ្តាំផ្ញេីដល់គ្រូ-បុគ្គលិកទាំងអស់ សូមបន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ អនុវត្ត ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

ជាកិច្ចឆ្លើយតប លោកស្រី ថោ ពៅ ប្រធានបុរីទារក និងកុមារជាតិ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែផ្តល់ក្តីមេត្តា ករុណា ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ក្មួយៗចៅៗកុមារទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ។ សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភអំណោយមនុស្សធម៌ជូនបុរីទារកនិងកុមារជាតិ បានចំនួន៧លើក គិតចាប់តាំងពីឆ្នាំ២០១៦រៀងមក។

សម្រាប់អំណោយផ្តល់ជូននៅថ្ងៃទី ៨មីថុនានេះ រួមមាន អង្ករ ២តោន, មី៤០កេស, ត្រីខ៥កេស, ទឹកក្រូច២០កេស, ទឹកបរិសុទ្ធ២០កេស, ទឹកត្រី៣០ដប, ទឹកស៊ីអ៊ីវ៣០ដប, ប្រេងឆា២កេស, អំបិល ២៥គីឡូក្រាម, ដុំស៊ុបខ្នរ៣កេស, អាល់កុល៦០លីត្រ, ម៉ាស់១ពាន់បន្ទះ និងថវិកា ១០លានរៀល។ ដោយឡែក គ្រូ-បុគ្គលិក ចំនួន ៨៧នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ១០ម៉ឺនរៀល៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner