រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ថា វ៉ាក់សាំង ការពារជំងឺ កូវីដ១៩ សរុប២លានដូសទៀត ដែលកម្ពុជាបញ្ជាទិញ នឹងមក ដល់ នាពេលប៉ុន្មានថ្ងៃខាងមុខជាបន្ដបន្ទាប់

អត្ថបទដោយ៖
ជា សេឌី

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានអះអាងថា បើមិនមានអ្វីប្រែប្រួលទេនោះ វ៉ាក់សាំងការពារជំងឺកូវីដ១៩ សរុប២លានដូសទៀត នឹងមកដល់ប្រទេសកម្ពុជា នាប៉ុន្មានថ្ងៃខាងមុខនេះ។ វ៉ាក់សាំងនេះ គឺកម្ពុជាបញ្ជាទិញពីក្រុមហ៊ុនស៊ីណូហ្វាម និងក្រុមហ៊ុនស៊ីណូវ៉ាក់។

ក្នុងឱកាសទទួលវ៉ាក់សាំង១លានដូស ដែលទើបដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៨មិថុនា លោកជំទាវ យក់ សម្បត្តិ បានថ្លែងយ៉ាងដូច្នេះថា «បើសិនមិនមានការប្រែប្រួលទេ ថ្ងៃទី១២ ខែមិថុនា យើងនឹងទទួលវ៉ាក់សាំងដែលកម្ពុជាបញ្ជាទិញ១លានដូសពីក្រុមហ៊ុនស៊ីណូហ្វាម ហើយនៅថ្ងៃទី១៩ ខែមិថុនា យើងទទួល១លានដូសទៀត ដែលយើងបញ្ជាទិញដែរ ពីក្រុមហ៊ុនស៊ីណូវ៉ាក់»

លោកជំទាវ បានគូសបញ្ជាក់ទៀតថា កម្ពុជាក៏បានបញ្ជាទិញរួចហើយ នូវវ៉ាក់សាំងចំនួន៤លានដូសផ្សេងទៀត ពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈការបញ្ជាទិញពីក្រុមហ៊ុនស៊ីណូហ្វាម ចំនួន៤លានដូសដូចគ្នាផងដែរ​។ ប៉ុន្ដែមកទល់ពេលនេះ គិតត្រឹមខែមិថុនា កម្ពុជាទើបទទួលបាន១លានដូសនៅឡើយ ដូច្នេះនៅសល់ក្នុងកិច្ចសន្យា ចំនួន៣លានដូសបន្ថែមទៀត នៅក្រុមហ៊ុនស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ៣លានដូសដូចគ្នា។

លោកជំទាវ យក់ សម្បត្តិ បានសង្កត់ធ្ងន់ថា ថ្វីបើកម្ពុជាអាចបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ​ហាក់ដូចមានភាពងាយស្រួល ដើម្បីចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃក៏ពិតមែន ប៉ុន្ដែធាតុពិតប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដោយមានទាំងការសរសេរលិខិតផ្លូវការ ទៅរដ្ឋាភិបាល​ចិន ដើម្បីជួយសម្រួលក្នុងផ្គត់ផ្គង់វ៉ាក់សាំងមកកម្ពុជាផងដែរ។ ពាក់ព័ន្ធជាមួយវ៉ាក់សាំងដែលទើបមកដល់ នឹងត្រៀមមកដល់នៅថ្ងៃទី១២ និងថ្ងៃទី១៩ ខែមិថុនាខាងមុខនេះ លោកជំទាវ បញ្ជាក់ថា នឹងសម្រុកចាក់ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលក្នុងផែនការរបស់គណៈកម្មការចំពោះកិច្ច នឹងចាក់ឲ្យអស់នៅក្នុងអំឡុងចុងខែមិថុនាខាងមុខនេះ ទើបបន្ដទៅខេត្តកណ្ដាល និងទីប្រជុំជនមួយចំនួនទៀត។​

លោកជំទាវ យក់ សម្បត្តិ បានបន្ដទៀតថា ក្នុងផែនការរបស់រាជរដ្ឋាភិបាល យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ នឹងពង្រាយទៅតាមបណ្ដាខេត្តផ្សេងៗទៀត ដែលមានហានិភ័យខ្ពស់ ពិសេសខេត្តដែលមានរោងចក្រច្រើន។

គិតពីត្រឹមថ្ងៃទី០៧ ខែកុម្ភៈ មកដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៧លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

វត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ១៩៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner