អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យមើលសកម្មភាពបង្រៀន និងរៀនតាមប្រព័ន្ធ Online ក្នុងបរិបទកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ដោយសារតែមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សាលារៀននៅទូទាំងប្រទេសត្រូវបានក្រសួងប្រកាសបិទទ្វារជាបណ្តោះអាសន្នដើម្បីការពារកុំអោយឆ្លងជំងឺដល់សិស្សនិស្សិត ។ ទោះជាសាលារៀនបានបិទទ្វារប៉ុន្តែដំណើរការរៀន និងបង្រៀនត្រូវបានធ្វើឡើងតាមគន្លងថ្មីគឺការរៀននិងបង្រៀនពីចំងាយ តាមប្រពន្ធ័អេឡិចត្រូនិកដែលគេនិយមហៅថា រៀនតាម online ។

ការសិក្សាអនឡាញ សិស្សនិងគ្រូ ចាំបាច់ត្រូវមានទូរស័ព្ទទំនើប មានកុំព្យូទ័រ និងមានបណ្តាញ internet ដើម្បីទាក់ទងគ្នា ។
មន្ទីរអប់រំយុវជនខេត្តព្រះសីហនុ អោយដឹងថា នៅខេត្តព្រះសីហនុមានសាលារៀនកម្រឹតវិទ្យាល័យចំនួន០៩ អនុវិទ្យាល័យមានចំនួន១៨ និងសាលាបឋមសិក្សាមានចំនួន៧២ ។ នៅដើមឆ្នាំសិក្សា២០២០-២០២១ មានសិស្សរៀនតាមប្រព័ន្ធអនឡាញចំនួន ៤២.៩៨១នាក់ ស្រី ២១.៤១១នាក់ ស្មើនឹងចំនួន៦៧.០៩% ។

ដើម្បីពិនិត្យមើលស្ថានភាពការបង្រៀននិងរៀនតាមអនឡាញនេះ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យសកម្មភាពនៃការបង្រៀននិងរៀនតាមប្រព័ន្ធ Online នៅវិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ឯកឧត្តម គួច ចំរើន បានថ្លែងកោតសរសើរលោកគ្រូ អ្នកគ្រូដែលបានរៀបចំកម្មវិធីបង្រៀនពីងាយដើម្បីផ្តល់ឱកាសអោយសិស្សបានរៀនសូត្រក្នុងដំណាក់កាលដែលសាលាមិនទាន់បានបើកដំណើរការឡើងវិញដោយសារតែជំងឺកូវីដ១៩។

ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានផងដែរដើម្បីជាការលើកទឹកចិត្តក្នុងការខិតខំបំពេញការងារជូនពលរដ្ឋក្នុងមូលដ្ឋាន។ លោក ខែម រ៉ន នាយកវិទ្យាល័យស្ទឹងហាវ បានឱ្យដឹងថា វិទ្យាល័យស្ទឹងហាវ មាន ១៥ថ្នាក់ មានសិស្សសរុប ៥៦៦នាក់ ស្រី ២៦៩នាក់ មានលោកគ្រូ អ្នកគ្រូ ៣៨នាក់ ស្រី ១៥នាក់ សិស្សានុ សិស្សបានចូលរៀនតាមកម្មវិធី Goole Meet ចំនួន ៥១៨នាក់ សិស្សចំនួន ៤៥នាក់ មិនទាន់មានស្មាតហ្វូនប្រើប្រាស់ ។ សាលាបានបង្កើតក្រុមទំនាក់ទំនងជាមួយសិស្ស និងមាតាបិតាសិស្សតាមរយៈកម្មវិធី ១.Facbook ២.Messenger ៣.Telegram ៤.Google Classroom ។

លោកថាក្រៅពីការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិកខាងលើ សាលាក៏មានការប្រើប្រាស់សន្លឹកកិច្ចការតាមបែបប្រពៃណី គឺការបែងចែកលោកគ្រូ អ្នកគ្រូចុះទៅតាមឃុំ ដោយវេចខ្ចប់កិច្ចការបញ្ជូនសន្លឹកកិច្ចការទៅមេឃុំ មេភូមិ ធ្វើការចែកជូនដល់សិស្សដែលគ្មានស្មាតហ្វូន ពេលធ្វើកិច្ចការរួចលោកមេភូមិជាអ្នកទទួលសន្លឹកកិច្ចការពីសិស្សមកសាលារៀនវិញ ម្យ៉ាងទៀតសិស្សដែលនៅជិត អាចមកយកសន្លឹកកិច្ចការនៅសាលាបាន ពេលធ្វើរួចយកមកសាលាវិញ។

ការអភិវឌ្ឍធនធានមនុស្សគឺជាវិស័យអាទិភាពបំផុតមួយក្នងចំណោមចតុស្តមទាំង៤(ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង)នៃគោលនោយាបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន។ទាក់ទងនឹងការបណ្តុះធនធានពង្រឹងសមត្ថភាពនិងជំនាញយុវជននេះដែរកំពុងត្រូវបានយកចិត្តទុកដាក់ ពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ដែលមានឯកឧត្តម សាយ សំអាល់ ជាប្រធានក្រុការងារ។

ក្នុងនោះគណកម្មការពង្រឹងវិស័យអប់រំក្រោមកិច្ចសហការពីក្រសួងអប់រំយុវជននិងកីឡាត្រូវបានរៀបចំឡើងក្រោមការដឹកនាំសម្រមសម្រួលដោយ លោក ជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ និងឯកឧត្តម សុខ គាង អនុរដ្ឋលេខធិការក្រសួងបរិស្ថាន។គណកម្មការនេះបាននឹងដាក់ចេញនូវផែនការនិងបេសកកម្មក្នុងការជួយលើកកំពស់បរិស្ថាននិងការសិក្សានៅតាមសាលានៅខេត្តព្រះសីហនុអោយកាន់តែមានភាពល្អប្រសើរឡើងធ្វើយ៉ាងណាពង្រឹងជំនាញ សមត្ថភាព យុវជនខេត្តព្រះសីហនុ អោយពួកគេមានឱកាសច្រើនទទួលបានការងារល្អដើម្បីលើកកំពង់ជីវភាព ស្របតាមបំណងប្រថ្នារបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវនៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕ (សាវ៉ុន)

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner