ទូតអាមេរិកសន្យាពង្រឹងកិច្ចការប្រឆាំងអំពើជួញដូរមនុស្សជាមួយកម្ពុជា (Video Inside)

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានសន្យាការពង្រឹងនិងការប្តេជ្ញាធ្វើកិច្ចការជាមួយភាគីពាក់ព័ន្ធ កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងវិស័យមួយចំនួនទៀត។ ការសន្យារបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Patrick Murphy បានធ្វើឡើងក្នុងឳកាសដែលលោកជួបពិភាក្សាការងារជាមួយសម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៧មិថុនា នៅទីស្ដីការក្រសួង មហាផ្ទៃ។ ក្នុងជំនួបនោះសម្ដេចក្រឡាហោមស ខេង និងឯកអគ្គរដ្ឋទូតអាមេរិក បានធ្វើការកត់សម្គាល់និងវាយ តម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រីWendy Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក មក កាន់កម្ពុជា កាលពេលថ្មីៗនេះ។ សម្ដេចក្រឡាហោម បានចាត់ទុកដំណើរទស្សនកិច្ចនោះមានសារៈសំខាន់ ដែលនឹងបន្ដពង្រឹង, ពង្រីកកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាបន្ថែមទៀត។ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបាន និងកំពុងបន្ដផ្ដល់ជំនួយ គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

យោងតាមស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្នុងជំនួបនោះ លោក Patrick Murphy បានលើកជុំវិញ កិច្ចខិតខំក្នុង កិច្ចសហប្រតិបត្តិការដែលរក្សាឱ្យកម្ពុជា និងសហរដ្ឋអាមេរិកមានសុវត្ថិភាព រួមបញ្ចូលទាំងការអនុវត្តនូវទណ្ឌកម្ម នានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រឆាំងនឹងប្រទេសកូរ៉េខាងជើង និងយុត្តិធម៌សម្រាប់ជន រងគ្រោះនៃបទឧក្រិដ្ឋ។ លោកឯកអគ្គរដ្ឋទូត បានសន្យាពង្រឹង នូវការប្តេជ្ញាចិត្តរបស់ សហរដ្ឋអាមេរិកក្នុងការធ្វើ ការជាមួយភាគីពាក់ព័ន្ធកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។

សម្ដេចក្រឡាហោម ស ខេង និងឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ត្រូវបានគេដកស្រង់សម្តីដែលបាន វាយតម្លៃ ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អនៅលើការងារប្រយុទ្ធប្រឆាំងបទល្មើស, ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរ មនុស្ស ជាពិសេសកិច្ចគាំពារកុមារ និងការអនុវត្តតាមសេក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner