រដ្ឋាភិបាលចិនសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ (មានវីដេអូ)

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអោយដឹងថា រដ្ឋាភិបាលចិនសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ ។

ការសន្យាខាងលើបានបង្ហាញឡើងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន ដែលជាផ្នែកមួយនៃទស្សនកិច្ចការងារ ដើម្បីផ្លាស់ប្ដូរទស្សនៈស្ដីពីការលើកតម្កើងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ។ ក្រសួងការបរទេសបានស្រង់លទ្ធផលជំនួបនេះថា ឯកឧត្តម វ៉ាង យី បានរំលឹកឡើងវិញនូវការបន្តគាំទ្ររបស់ចិនដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា និង ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ។ ចិនក៏បានសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដូចដែកថែប ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំចិនចំពោះជំនួយដ៏សប្បុរស និងទាន់ពេលវេលា រួមមានឧបករណ៍វេជ្ជសាស្ត្រ និងវ៉ាក់សាំង ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានសម្ដែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះថ្នាក់ដឹកនាំ និងប្រជាជនចិន ក្នុងឱកាសប្រារព្ធខួប១០០ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន (១៩២១ -២០២១) ។ ឯកឧត្តមបានសម្ដែងនូវការកោតសរសើរខ្ពស់ចំពោះប្រទេសចិន ដែលសម្រេចបាននូវសមិទ្ធផលដ៏ធំធេងក្នុងការអភិវឌ្ឍជាតិរបស់ខ្លួន ជាពិសេសការសម្រេចបាននូវគោលដៅសតវត្សរ៍ទី១ ក្នុងការកសាងសង្គមប្រកបដោយវិបុលភាពមធ្យម ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner