លោក ចូ បៃដិន ចាប់ផ្តើមដំណើរទស្សនផ្លូវការលើកដំបូងទៅក្រៅប្រទេស ដើម្បីចូលរួមកិច្ចប្រជុំ G7 និងជួបជាមួយលោក ពូទីន ក្នុងទីក្រុងហ្សឺណែវ (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចាកចេញទៅកាន់ចក្រភពអង់គ្លេស នៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅក្រៅប្រទេស ចាប់តាំងពីរូបលោកចូលកាន់តំណែង ដោយបេសកម្មរយៈពេល៨ថ្ងៃនេះ គឺដើម្បីស្តារទំនាក់ទំនងដែលជាប់គាំងអំឡុងរដ្ឋបាលលោក ត្រាំ ជាមួយអង្គការ NATO ក៏ដូចជាការស្ថាបនាទំនាក់ទំនងជាមួយរុស្ស៊ី ។
ដំណើរទស្សនកិច្ចខាងលើនេះ បានបង្ហាញពីការធ្វើតេស្តពីសមត្ថភាពរបស់ប្រធា នាធិបតីអាមេរិកបក្សប្រជាធិបតេយ្យ ក្នុងការគ្រប់គ្រង និងជួសជុលទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តធំៗ ដែលកាន់តែមិនពេញចិត្តនឹងពន្ធពាណិជ្ជកម្មរបស់អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ និងការដកខ្លួនចេញពីសន្ធិសញ្ញាអន្តរជាតិមួយចំនួនជាដើម ។ ជំនួបកំពូលរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅថ្ងៃទី១៦ ខែមិថុនាខាងមុខ នៅទីក្រុងហ្សឺណែវ គឺជាចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះ និងជាឱកាសមួយដើម្បីលើកឡើងពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកដោយផ្ទាល់ជាមួយលោក ពូទីន អំពីការវាយប្រហារផ្នែកព័ត៌មានវិទ្យាពីសំណាក់រុស្ស៊ី និង ការឈ្លានពានរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន ក៏ដូចជាបញ្ហាជាច្រើនផ្សេងទៀត ។

សូមបញ្ជាក់ថា លោក បៃដិន នឹងឈប់សំចតដំបូងរបស់លោកនៅឯភូមិមាត់សមុទ្រ St. Ives ក្នុងតំបន់ Cornwall ដែលគាត់នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G7 ។ កិច្ចប្រជុំនេះត្រូវបានរំពឹងថា នឹងគ្របដណ្តប់ដោយការទូតវ៉ាក់សាំង, ពាណិជ្ជកម្ម, អាកាសធាតុ និងគំនិតផ្តួចផ្តើមសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍លើពិភពលោក ដែលមន្រ្តីអាមេរិកមើលឃើញថា កិច្ចខិតខំប្រឹងប្រែងនេះ គឺជាមធ្យោបាយមួយដើម្បីប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន ៕ ប្រភព៖ US News

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner