កិច្ចប្រជុំពិភាក្សា និងការបកស្រាយពីប្រធានសាលាដំបូងខេត្តកោះកុង បានសម្រេចឯកភាព លោក តេង គី រុះរើផ្ទះ ចេញពីដីប្រជាពលរដ្ឋ

ខេត្តកោះកុង ៖ លោកជំទាវ មិថុន ភូថង អភិបាលខេត្តកោះកុង បានចាត់តាំងអោយលោកអភិបាលរងខេត្ត សុខ សិទ្ធី ដឹកនាំកិច្ចប្រជុំ ស្នើសូមការពន្យល់បកស្រាយបន្ថែមពីឯកឧត្តម មីន មករា ប្រធានសាលាដំបូងខេត្តកោះកុង លើដីកាសម្រេចរក្សាការពារលេខ០៣ «ក» ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តកោះកុង ព្រោះបុគ្គលឈ្មោះ តេង គី តែងតែហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចូលសាងសង់ផ្ទះ បង្កបង្កើនផលលើដីទំហំ ១១៨ហិកតា ស្ថិតនៅភូមិបាក់រនាស់ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយគាត់សំអាងលើដីការក្សាការពារនេះ។

តាមការពន្យល់បកស្រាយរបស់លោក មីន មករា បានបញ្ជាក់ថា ដីការក្សាការពារនេះ គឺមិនមានសុពលភាពទៀតឡើយ ព្រោះដីការក្សាការពារ ត្រូវមានការអនុវត្តក្នុងរយៈពេល ២សប្តាហ៍ ។ ដូច្នេះ បុគ្គលឈ្មោះ តេង គី មិនអាចយកដីការក្សាការពារនេះធ្វើជាសំអាង ឬប្រើប្រាស់ផ្លូវច្បាប់បានឡើយ។

ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី បានបញ្ជាក់ជូនអង្គប្រជុំពីករណី ដីទំហំ ១១៨ ហិកតា ស្ថិតនៅភូមិបាក់រនាស់ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលលោក តេង គី អះអាងថាជាកម្មសិទ្ធិរបស់គាត់ នោះថា ទីតាំងដីនេះគឺជាដីស្ថិតនៅក្នុងដីទំហំ ៩,៣០៦ ហិកតា ដែលរាជរដ្ឋាភិបាលសម្រេចកាត់ឆ្វៀលសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅឋានចេញពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន យូញៀន ក្នុងភូមិសាស្ត្រស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង ហើយទីតាំងដីនេះ ក៏ស្ថិតក្នុងសេចក្តីសម្រេចលេខ១១៥សសរ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១០ របស់រដ្ឋបាលខេត្តកោះកុង ស្តីពីការទុកជាមោឃៈនូវរាល់លិខិតផ្ទេរសិទ្ធិ លក់-ទិញដី នៅក្នុងឧទ្យានជាតិបូទុមសាគរដែលចុះហត្ថលេខាដោយមេឃុំ កោះស្តេច ភ្ញីមាស ព្រែកខ្សាច់ ស្រុកគិរីសាគរ និងមេឃុំតានូន មេឃុំថ្មស ស្រុកបូទុមសាគរ ដែលស្ថិតនៅលើទីតាំងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន ផងដែរ ។

ដូច្នេះ លោក តេង គី មិនមានសិទ្ធិកាន់កាប់ ប្រើប្រាស់ ដីទំហំ ១១៨ ហិកតានេះទេ។បន្ទាប់ពីកិច្ចប្រជុំពិភាក្សា និងការបកស្រាយពីប្រធានសាលាដំបូងខេត្តកោះកុង អង្គប្រជុំបានសម្រេចឯកភាព ឱ្យលោក មេឃុំតានូន អភិបាលស្រុកបូទុមសាគរ ធ្វើលិខិតជូនដំណឹងទៅលោក តេង គី ឱ្យរុះរើផ្ទះ ចេញពីដីប្រជាពលរដ្ឋ (ដីទំហំ ១១៨ ហិកតា ស្ថិតនភូមិបាក់រនាស់ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលគាត់តែងតែអះអាងថាជាដីរបស់គាត់ និងបានសាងសង់ផ្ទះលើដីនេះទេ)។

កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឺកថ្ងៃព្រហស្បតិ៍ ១ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner