ទីផ្សារជប៉ុនស្វាគមន៍ផលិតផលកែច្នៃត្រី ចេញពីកសិដ្ឋាន Cam​bo​dia Fresh Farm ដោយបញ្ជាទិញ៥ខែដើមឆ្នាំ​២០២១នេះ ចំនួន​៧តោន

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយដោយឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល​បន្ទុកជា​ប្រធានរដ្ឋបាលជលផល កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នំា២០២១ បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm ស្ថិតនៅភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

លោក ចៅ សួស្តី អ្នកគ្រប់គ្រងកសិដ្ឋានបានជម្រាបជូនឯកឧត្តរដ្ឋមន្រ្តីថា កសិដ្ឋានចិញ្ចឹមត្រី ទីឡាព្យា Cambodia Fresh Farm បានបង្កើតនៅឆ្នាំ២០១៧ លើផ្ទៃដីសរុប ៤,៥ហិតា មាន២១ស្រះ។  

Cambodia Fresh Farm ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ផងដែរនោះ ធ្វើឲ្យកសិដ្ឋានសម្រេចចិត្តដាក់ ទុនវិនិយោគសាងសង់រោងសិប្បកម្មកែច្នៃផលត្រីសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារទំនើបAEON ភោជនីយដ្ឋាន សណ្ឋា គារផ្សេងៗទៀត ហើយអនាគតគ្រោងនឹងសហការជាមួយអង្គការទស្សនពិភពលោក (World Vision) ក្នុងភាពជាដៃគូភ្ជាប់ជាមួយកសិករចិញ្ចឹមផ្គត់ផ្គង់ឲ្យខ្សែច្រវាក់កែច្នៃ។

ឯកឧត្ដមរដ្ឋមន្រ្តីវេង សាខុន បានវាយតម្លៃខ្ពស់ និងបានបង្ហាញឆន្ទ:គាំទ្រ លើកទឹកចិត្តឲ្យកសិដ្ឋានត្រូវបន្តរក្សា ខិតខំពង្រឹង និងពង្រីកផលិតកម្មចិញ្ចឹមត្រីបន្ថែមទាន់ឱកាសមាសមកដល់ ដោយត្រូវសហការជាមួយរដ្ឋបាលជលផលអនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវ ចងក្រងបណ្តុំផលិត ស្វែងរកដៃគូផលិត ភ្ជាប់បណ្តាញទីផ្សារ សម្រាប់ការផ្គត់ផ្គង់ឲ្យសិប្បកម្មកែច្នៃ ហើយត្រូវបង្កើនការកែច្នៃផលត្រីស្រស់ សម្រាប់ទីផ្សារក្នុងស្រុក ដើម្បីបង្កើនតម្លៃបន្ថែម និងបង្កើតការងារ។

តមកឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយលោក ចៅ សួស្តី បានបន្តដំណើរមកពិនិត្យរោងសិប្បកម្មកែច្នៃផលត្រីស្រស់របស់កសិដ្ឋាន ដែលមានទីតាំងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោក ចៅ សួស្តី បានឲ្យដឹងថាការកែច្នៃត្រីទីឡាព្យារបស់ Cambodia Fresh Farm នេះគឺស្ថិតនៅក្នុងដំណាក់កាលសាកល្បង ប៉ុន្តែសិប្បកម្មនេះនឹងពង្រីកផលិតកម្មកែច្នៃជាបន្ត បន្ទាប់ ធ្វើយ៉ាងណាឆ្លើយតបឲ្យបានតាមតម្រូវការទីផ្សារ។ បច្ចុប្បន្ន សិប្បកម្មកែច្នៃនេះ ទទួលបានបច្ចេកទេសកែច្នៃផលត្រីទីឡាព្យាផ្ទាល់ពីអ្នកជំនាញជនជាតិជប៉ុន និងសម្ភារកែច្នៃផលត្រីពីក្រុមហ៊ុន SARAYA នៃប្រទេសជប៉ុន។ លោកបន្ថែមថា អនុវត្តតាមបច្ចេកទេសជប៉ុន ត្រី ១ក្បាលអាចកែច្នៃបាន ១៤ប្រភេទមុខទំនិញ រួមទាំងស្រការត្រីក៏យកទៅកែច្នៃជាគ្រឿងសម្អាង ប្រមាត់ត្រី ស្បែកត្រី និងឆ្អឹង សូម្បីទឹកលាងសម្អាតត្រីក៏យកទៅធ្វើជីផងដែរ។  ដោយអនុវត្តតាមស្តង់ដារបច្ចេកទេសចិញ្ចឹមបានត្រឹមត្រូវល្អ ធ្វើឲ្យទីផ្សារជប៉ុនស្វាគមន៍ផលិតផលកែច្នៃត្រីចេញពីកសិដ្ឋាននេះ ជាក់ស្តែងការបញ្ជាទិញមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គ្រាន់តែ ៥ខែដើមឆ្នាំ២០២១ នេះ កសិដ្ឋានលក់សាច់ត្រីកែច្នៃស្រស់បាន ៧តោន។ ដោយតម្រូវការមានការកើនឡើងទាំងទីផ្សារក្នុងស្រុក (ផ្សារទំនើប AEON-1, AEON-2 ផ្សារ Markro ផ្សារទំនើបនានាក្នុងស្រុក និងភោជនីដ្ឋានជាច្រើនទៀត) កសិដ្ឋាននឹងពង្រីកដើមទុនវិនិយោគក្នុងចំនួនទឹកប្រាក់ ១០លានដុល្លារ ដើម្បីពង្រីកសិប្បកម្មកែច្នៃ ដែលមានសមត្ថភាពអាចបង្កើនបរិមាណត្រីកែច្នៃសម្រាប់ផ្គត់ផ្គង់ទាំងក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា នាពេលអនាគតដ៏ខ្លី វិស័យវារីវប្បកម្ម នឹងមានការរីកចម្រើនតាមរយ:ការចងក្រងបណ្តុំផលិត ការអនុវត្តបច្ចេកទេសចិញ្ចឹមស្របតាមស្តង់ដារទីផ្សារតម្រូវ និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថាម្ហូបជប៉ុន (សាច់ត្រីស្រស់) បានផលិតនៅកម្ពុជា នេះជាជំហានចាប់ផ្តើមថ្មីមួយប្រកបទៅដោយការជឿជាក់ និងកិច្ចសហការ គាំទ្រពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសស្ថានទូតជប៉ុន និងអង្គការ JICA សង្ឃឹមថានាពេលអនាគតខ្សែច្រវាក់ផលិតកម្មចិញ្ចឹម និងផលិតកម្មកែច្នៃ នឹងមានការរីកចម្រើនទ្វេឡើងឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក ហើយឈានទៅធ្វើការនាំចេញ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner