ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ផ្តើមគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (មានវីដេអូ)
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរសារនៅលើបណ្តាញសង្គមហ្វេសបុកថា គម្រោងកម្មវិធីទី៦ គឺជាគម្រោងមួយថ្មី ដែលទើបតែចាប់ផ្តើម មានឈ្មោះថា «គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម» ។
គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ត្រូវបានរៀបចំបង្កើតឡើង ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយផ្ដោតការយកចិត្តទុកដាក់ជាសំខាន់លើ “ការពង្រឹងខ្សែច្រវាក់តម្លៃផលិតផលកសិកម្មប្រកបដោយភាពប្រកួតប្រជែង” ដែលផលិតផលកសិកម្មនេះរួមមាន ៖ ដំឡូងមី ផ្លែស្វាយ ផ្លែចន្ទី បន្លែ និងមាន់ស្រុក ។គម្រោងនេះ ត្រូវបានចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ និងត្រូវអនុវត្តសម្រាប់រយៈពេល៧ឆ្នាំ (២០២១-២០២៧) ដែលមានថវិកាសរុប១១០,០៦លានដុល្លារ ។ ជាមួយនឹងគោលដៅគាំទ្រដល់ការអនុវត្តគោលនយបាយរបស់រាជរដ្ឋាភិបាល គម្រោងក៏មានគោលបំណង៖សម្របសម្រួលឲ្យទទួលបាននូវឥណទានសម្រាប់សហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម ។ លើកកម្ពស់ការភ្ជាប់ទៅនឹងទីផ្សារប្រកបដោយស្ថេរភាព ក្នុងចំណោមសហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម និងធ្វើឲ្យប្រសើរឡើងនូវគុណភាព និងសុវត្ថិភាពចំណីអាហារ, និង ធ្វើឲ្យប្រសើរឡើងនូវការភ្ជាប់ទំនាក់ទំនង (ផ្លូវជនបទ) ពីកសិដ្ឋានផលិតទៅកាន់ទីផ្សារ ។
គម្រោងនេះ បាននិងកំពុងគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងចូលរួមសហការសម្របសម្រួលអនុវត្តពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ ហើយដែលការអនុវត្តគម្រោងនេះនឹងផ្ដល់ផលដល់សហគមន៍កសិ កម្មចំនួនប្រមាណ២៣០ ដែលមានគ្រួសារសរុបចំនួនប្រមាណ២ម៉ឺន៧ពាន់ និង សហគ្រាសកសិកម្មចំនួនប្រមាណ៥០នៅក្នុងខេត្តគោលដៅគម្រោងចំនួន៦ រួមមាន ៖ ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប ឧត្ដរមានជ័យ និងខេត្តព្រះវិហារ ។ ការរំពឹងទុកលទ្ធផលទី១ ការផ្ដល់ហិរញ្ញប្បទានសម្រាប់ខ្សែច្រវាក់តម្លៃកសិកម្ម មានភាពប្រសើរឡើង ដែលក្នុងនោះ ឥណទាន (កម្ចី) នឹងត្រូវបានផ្ដល់ដល់សហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម តាមរយៈស្ថាប័នហិរញ្ញវត្ថុដែលចូលរួមក្នុងគម្រោង ។ ការរំពឹងទុកលទ្ធផលទី២ ការភ្ជាប់ទំនាក់ទំនងក្នុងខ្សែច្រវាក់តម្លៃ និងសុវត្ថិភាពកសិកម្មមានភាពរឹងមាំប្រសើរឡើង ដោយអាចនឹងសម្រេចដោះស្រាយបញ្ហាប្រឈមនៅក្នុងខ្សែច្រវាក់តម្លៃ ។ ការរំពឹងទុកលទ្ធផលទី៣ ៖ ភាពតភ្ជាប់ទំនាក់ទំនងក្នុងខ្សែច្រវាក់តម្លៃកសិកម្មត្រូវបានកែលម្អ ដែលក្នុងនោះ ផ្លូវតភ្ជាប់ពីកសិដ្ឋានផលិតទៅកាន់ទីផ្សារ នៅក្នុងតំបន់គោលដៅគម្រោងប្រវែង១១០គីឡូម៉ែត្រ នឹងត្រូវកែលម្អអោយប្រសើរឡើង ដែលអាចជួយកាត់បន្ថយពេលវេលា និងតម្លៃដឹកជញ្ជូន បង្កើនបរិមាណនៃការដឹកជញ្ជូន និងកាត់បន្ថយតម្លៃថែទាំផ្លូវ ៕