ពិធីប្រគល់-ទទួល Tablet ចំនួន ៣៨០គ្រឿង រវាងក្រសួងអប់រំ អង្គការយូណេស្កូ (GPE3/ STEPCam) និងក្រុមហ៊ុនសែលកាត

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ៖ គ្រូឧទ្ទេស និងគណៈគ្រប់គ្រងសាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ និងបុគ្គលិកអប់រំក្រសួងអប់រំ យុវជន និងកីឡា សរុបចំនួន ៣៨០នាក់ ទទួលបាន Tablet ថ្មីជាមួយនឹងស៊ីមកាត និងទិន្នន័យអ៊ីនធឺណែតប្រើបាស់ដោយឥតគិតថ្លៃ តាមរយៈកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា អង្គការយូណេស្កូ និងក្រុមហ៊ុនសែលកាត។

កម្មវិធីនេះ បានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ព្រមទាំងមានការចូលរួមពីសំណាក់លោក Sadar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា និងលោកស្រី Cheryl Gray នាយកផ្នែកផ្សព្វផ្សាយ និងទំនាក់ទំនងរបស់ក្រុមហ៊ុន សែលកាត។

ការផ្តល់ជូននូវ Tablet ទាំងនេះជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តគោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើឱ្យរីកចម្រើនការអប់រំបែបឌីជីថលនៅកម្ពុជា។ ជាមួយនឹងជំនួយឧបត្ថម្ភពីក្រុមហ៊ុនសែលកាតក្នុងកាលៈទេសៈដ៏សមស្របមួយនេះ គណៈគ្រប់គ្រង គ្រូឧទ្ទេស និងបុគ្គលិកក្រសួងអប់រំ យុវជន និងកីឡានឹងទទួលបាននូវចំណេះដឹងបន្ថែមក្នុងការប្រើប្រាស់ Tablet និងការគ្រប់គ្រងការងារបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញឈានទៅបង្កើនអក្ខរកម្មឌីជីថលរបស់ពួកគាត់។

សូមជម្រាបថា សាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ ជាសាលាគោលដៅរបស់គម្រោងការពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា(ហៅកាត់ថា STEPCam) ដែលទទួលជំនួយហិរញ្ញវត្ថុពីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ (ហៅកាត់ថា GPE)។ ក្នុងក្របខណ្ឌគម្រោង STEPCam ក្រសួងអប់រំ យុវជន និងកីឡាកំពុងពង្រឹងគុណភាពវិស័យអប់រំទាំងមូល តាមរយៈការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន និងដំឡើង គុណវុឌ្ឍិគ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ រួមមាន៖ ខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល ក្រចេះ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប ស្ទឹងត្រែង ស្វាយរៀង និងតាកែវ៕ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner