រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ មន្ត្រីឧទ្យានុរក្សជាឆ្មាំព្រៃមិនមែនត្រឹមតែបំពេញភារកិច្ចតាមតួនាទីឯកសណ្ឋាន តែជាឪពុកម្តាយដែលកំពុងថែរក្សាធនធានធម្មជាតិសម្រាប់កូនៗជំនាន់ក្រោយ
ខេត្តព្រះវិហារ៖ «មន្រ្តីឧទ្យានុរក្សដែលកំពុងបំពេញតូនាទីដើម្បីបុព្វហេតុបរិស្ថាន និងធម្មជាតិបច្ចុប្បន្នបានពុះពារប្រឈមនឹងឧបសគ្គ និងហានិភ័យខ្ពស់គ្រប់យ៉ាងដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួនជាប្រចាំថ្ងៃនៅសមរភូមិនៃការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភរិក្សជីវៈចម្រុះរបស់កម្ពុជា»។
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាននៅចំពោះមុខមន្ត្រីឧទ្យានុរក្សនៅស្នាក់ការអូរកក់ក្នុងដែនជម្រកសត្វព្រៃព្រះរការក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ អំឡុងពេលដែលឯកឧត្តមបានដឹកនាំប្រតិភូក្រសួងបរិស្ថាននិងក្រុមអ្នកសារព័ត៌មាន ចុះទៅបំពេញទស្សនកិច្ចនិងស្វែងយល់ពីការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ព្រមទាំងជីវភាពរបស់ពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងដែរថា៖«បច្ចុប្បន្នអ្វីដែលមន្ត្រីឧទ្យានុរក្សរបស់យើងកំពុងធ្វើ គឺមិនមែនគ្រាន់តែធ្វើក្នុងនាមតែជាមន្ត្រីឧទ្យានុរក្ស ដែលត្រូវបំពេញជាតួនាទីទៅតាមភារកិច្ចនៃឯកសណ្ឋានជាមន្ត្រីឧទ្យានុរក្សប៉ុណ្ណោះទេ តែពួកគាត់ធ្វើក្នុងនាមជាឪពុក ម្តាយ ដែលកំពុងតែថែរក្សា និងការពារនូវមរតកធនធានធម្មជាតិដ៏សម្បូរបែបសម្រាប់កូនចៅជំនាន់ក្រោយ»។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានសម្តែងនូវការកោតសរសើរពីការលះបង់និងការប្តេជ្ញាចិត្តខ្ពស់របស់មន្ត្រីឧទ្យានុរក្សទាំងអស់ក្នុងការថែរក្សានិងការពារធនធានធម្មជាតិ សត្វព្រៃ ទីជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដែលកម្ពុជាមាន។ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា មន្រ្តីឧទ្យានុរក្សអនុវត្តកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃដោយមិនខ្លាចនឿយហត់ និងបានលះបង់ខ្ពស់ក្នុងបុព្វហេតុការពារនូវធនធានធម្មជាតិ សត្វព្រៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទាំងនេះវាក៏បង្ហាញពីទឹកចិត្តមោះមុតដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសដូចជា ការបរបាញ់សត្វព្រៃខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ និងនេសាទខុសច្បាប់ជាដើម។
ដោយចង់បញ្ជាក់ពីផលលំបាករបស់មន្រ្តីឧទ្យានុរក្សដែលតែងជួបប្រទះកន្លងមក ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍សង្កត់ធ្ងន់ថា៖«មន្រ្តីរបស់យើងត្រូវប្រឈមនឹងហានិភ័យ ស្ថានភាពលំបាក និងប្រឈមនឹងគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗពិសេសជនល្មើសអាចបង្កគ្រោះថ្នាក់នៅពេលមន្រ្តីយើងចុះអនុវត្តច្បាប់។ ក្រៅពីនេះពួកគាត់ក៏ប្រឈមទៅនឹងកត្តាផ្សេងៗទៀតដូចជា ជំងឺ ការឆ្លងកាត់ឧបសគ្គលំបាកៗជាច្រើនក្នុងពេលបំពេញការងារដូចជាទឹកជំនន់ សត្វដែលអាចបង្កគ្រោះថ្នាក់។ល។
ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាក៏បានជំរុញនិងលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្សមិនត្រូវរុញរាឡើយក្នុងការអនុវត្តច្បាប់ បើទោះបីត្រូវប្រឈមនឹងហានិភ័យនៃការក្លាយជាគោលដៅរបស់ជនល្មើសពោលគឹធ្វើយ៉ាងណាការពារតំបន់ការពារធម្មជាតិឱ្យបានជាប់គង់វង្សយូរអង្វែងដល់កូនចៅយើងជំនាន់ក្រោយរបស់យើង។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងដោយបញ្ជាក់ដែរថា បើទោះជាបច្ចុប្បន្ន ចំនួនមន្ត្រីឧទ្យានុរក្សនៅមានកម្រិតនៅឡើយ តែក្រសួងបរិស្ថានបានដាក់ចេញនុវយុទ្ធសាស្ត្រចំនួន ៤ ដើម្បីបង្កើនប្រសិទ្ធភាពការពារ និងអភិរក្សធនធានធម្មជាតិ។ យុទ្ធសាស្ត្រទាំងនោះ មានដូចជាការល្បាតចល័តរបស់មន្ត្រីឧទ្យានុរក្ស ការរួមសហការជាមួយសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ និងនៅជាប់តំបន់ការពារធម្មជាតិ និងការអប់រំផ្សព្វផ្សាយពីសារប្រយោជន៍ព្រៃឈើទៅកាន់ប្រជាពលរដ្ឋ និងការបង្កើត សេដ្ឋកិច្ចមូលដ្ឋានជូនប្រជាពលរដ្ឋ។
ឯកឧត្តម រដ្ឋលេខាធិការបានកោតសរសើរចំពោះវីរភាព និងការលះបង់ដ៏មានតម្លៃ របស់មន្រ្តីឧទ្យានុរក្ស ហើយជាមួយគ្នាក៏បានបង្ហាញការកោតសរសើរពីស្ថាប័នពាក់ព័ន្ធក្នុងនេះដូចជាអាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍និងពិសេសស្ថាប័នតុលាការដែលតែងបានចូលរួមអនុវត្តច្បាប់នាកន្លងមកសំដៅធ្វើយ៉ាងណាចូលរួមការពារធនធានធម្មជាតិរបស់យើងឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលទាំងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។ គួរបញ្ជាក់ថាបច្ចុប្បន្ននេះមន្ត្រីឧទ្យានុរក្សមានចំនួនសរុបជាង ១២០០នាក់ នៅទូទាំងប្រទេសកម្ពុជា ហើយក្នុងនេះមានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២នាក់ កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិទាំង ២០ខេត្ត៕ដោយ៖ម៉ាដេប៉ូ