សមត្ថកិច្ចខណ្ឌច្បារអំពៅ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ២នាក់ក្នុងចំណោមបក្ខពួក ៤នាក់ ពាក់ព័ន្ធ ករណីលួចម៉ូតូ
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១នេះ មានជនសង្ស័យ ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប៉ុស្ដិ៍រដ្ឋបាលច្បារអំពៅ២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វេីការស្រាវជ្រាវឃាត់ខ្លួន ក្នុងករណី លួច (ម៉ូតូ) នៅចំណុចមុខផ្ទះលេខ១១៧ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បង្កឡេីងកាលពី ថ្ងៃទី០៩-០៦-២០២១ ម៉ោង២៣និង៣០នាទី។
លោកវរសេនីយ៍ឯក ម៉ៅ សឿត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណប វិរៈ ភេទ ប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាល ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឃាត់ខ្លួនចំនួន ០២នាក់ រួមមាន ៖ ១-ឈ្មោះ វង់ សុភា ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។ ២-ឈ្មោះ ប៉េត ណេត ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ដោយជនសង្ស័យទាំង០២នាក់នេះស្នាក់នៅបន្ទប់ជួលលេខ០៣ ផ្លូវ សុធារស់ ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លោកអធិការខណ្ឌច្បារអំពៅ បានឲ្យដឹងទៀតថា៖ មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាក KEE WAY-TX ពណ៌ខ្មៅ ផ្លាកលេខ ន.ប ១-៧៩៤៣ នៅចំណុចកើតហេតុ ដោយពុំបានចាក់សោរកម៉ូតូទេ រួចក៏ចូលដេកក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យចំនួន០៤នាក់ មានឈ្មោះ ប៉េត នេត, ឈ្មោះ វង់ សុភា, ឈ្មោះ អ៊ឹម និងឈ្មោះ ម៉ាយ ជិះម៉ូតូ០២គ្រឿងមកឈប់ក្បែរកន្លែងកើតហេតុ រួចនាំគ្នាធ្វើ សកម្មភាពលួចម៉ូតូជនរងគ្រោះនាំគ្នាជិះគេចខ្លួនដោះផ្លាកលេខ (ន.ប ១-៧៩៤៣) ទៅលាក់ទុកក្នុងបន្ទប់ជួលជនសង្ស័យ ស្នាក់នៅ (បន្ទប់ជួលលេខ៣ ផ្លូវ សុធារស់ ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន)។
លុះដល់ថ្ងៃទី ១០-០៦-២០២១ ម៉ោង១៩និង២០នាទី សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការណ៍ជាមួយសមត្ថកិច្ចខណ្ឌចំការមន ធ្វើការឃាត់ខ្លួន បានជនសង្ស័យ០២នាក់ ឈ្មោះ វង់ សុភា និងឈ្មោះ ប៉េត ណេត នៅចំណុចបន្ទប់ជួលខាងលើ និងដកហូតម៉ូតូ០១គ្រឿង ម៉ាកខាងលើ (ជារបស់ជនរងគ្រោះ) ហើយត្រួតពិនិត្យក្នុងបន្ទប់ជួលជនសង្ស័យស្នាក់នៅរកឃើញវត្ថុតាងបន្ថែមទៀតរួមមាន ៖ ផ្លាកលេខម៉ូតូចំនួន០២ (ន.ប ១-៧៩៤៣, សៀមរាប ១A-១៤៧៧), ដាវ០២ដើម, សោរខ្សៀលេខ៨ចំនួន០២ និងដែក កែច្នៃចុងស្រួចសម្រាប់កាច់សោរកម៉ូតូចំនួន០២ រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ចំណែកជនសង្ស័យឈ្មោះ អ៊ឹម និងឈ្មោះ ម៉ាយ នាំគ្នាគេចខ្លួនបាត់ ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញខណ្ឌ ច្បារអំពៅ កសាងសុំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី