មេដឹកនាំអង់គ្លេស និងសហរដ្ឋអាមេរិកឯកភាពគ្នាលើការងារបើកការធ្វើដំណើរឡើងវិញ និងចុះហត្ថលេខាលើធម្មនុញ្ញអាត្លង់ទិចថ្មីមួយ (មានវីដេអូ)
អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមព្រៀងគ្នាលើការងារបើកការធ្វើដំណើរឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាបានចុះហត្ថលេខាលើធម្មនុញ្ញអាត្លង់ទិចថ្មីមួយ មុនពេលមេដឹកនាំទាំងពីរចូលរួមកិច្ចប្រជុំកំពូល G7 ។
ធម្មនុញ្ញថ្មីខាងលើនេះ បានគូសបញ្ជាក់ពីការគំរាមកំហែងនាពេលបច្ចុប្បន្ន រួមមានហិរញ្ញវត្ថុខុសច្បាប់ ជម្លោះហិង្សា និងភាពជ្រុលនិយម ការប្រែប្រួលអាកាសធាតុ និងវិបត្តិសុខភាពពិភពលោក ដូចជាជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID) ជាដើម ។ អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរបានព្រមបើកការធ្វើដំណើរឡើងវិញ និងបន្តចែករំលែកព័ត៌មានទាក់ទងនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទាំងនៅក្នុងប្រទេស និងអន្តរជាតិ ។
បន្ថែមលើនេះ មេដឹកនាំទាំងពីរក៏បានសន្យាធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ តាមរយៈធម្មនុញ្ញអាត្លង់ទិកថ្មីដែលបានធ្វើឱ្យប្រសើរឡើងនូវច្បាប់ដើមដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Winston Churchill និង ប្រធានាធិបតីអាមេរិកលោក Franklin Roosevelt កាលពីឆ្នាំ១៩៤១ ៕ ប្រភព៖ ស៊ីនហួរ