វិចិត្រករមួយរូបប្រើប្រាស់សំរាមអេឡិចត្រូនិកធ្វើរូបចម្លាក់មេដឹកនាំ G7 ដើម្បីបង្ហាញពីភាពចាំបាច់ក្នុងការយកកាកសំណល់មកប្រើប្រាស់ ឬកែច្នៃឡើងវិញ (មានវីដេអូ)
អង់គ្លេស៖ វិចិត្រករមួយរូបបានប្រើប្រាស់កាកសំណល់គឿងអេឡិចត្រូនិក ដើម្បីធ្វើរូបចម្លាក់របស់មេដឹកនាំមានសេដ្ឋកិច្ចជឿនលឿន G7 នៅក្នុងតំបន់ ខនវ៉ល ប្រទេសអង់គ្លេស មុននឹងតំបន់នេះត្រូវទទួលរៀបចំកិច្ចប្រជុំកំពូល G7 ក្នុងសប្ដាហ៍នេះ ។
រូបចម្លាក់មេដឹកនាំ G7 នេះមានដូចជានាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង នាយករដ្ឋមន្ត្រីអ៊ីតាលី លោក ម៉ារីអូ ដ្រាហ្គី នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មើគែល និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ។ បើតាមវិចិត្រករឆ្លាក់រូប លោក ចូ រ៉ាស់ លោកបានដាក់ឈ្មោះរូបចម្លាក់មេដឹកនាំ G7 ថា «Mount Recyclemore» ដែលមានទ្រង់ទ្រាយស្រដៀងគ្នានឹងរូបចម្លាក់ Mount Rushmore នៅក្នុងសហរដ្ឋអាមេរិក ។ វិចិត្រករឆ្លាក់រូបដៃឯករូបនេះបានប្រាប់ពីមូលហេតុថា ការសម្រេចចិត្តយកកាលសំណល់អេឡិចត្រូនិកយកធ្វើជារូបចម្លាក់ខាងលើ គឺមានគោលដៅបង្ហាញពីការបំផ្លិចផ្លាញ ដែលបង្កឡើងដោយការបោះចោលឧបករណ៍អេឡិចត្រូនិក និងពីភាពចាំបាច់ដែលត្រូវយកកាកសំណល់ទាំងនោះមកប្រើប្រាស់ ឬកែច្នៃឡើងវិញ ។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានអោយដឹងថា កាកសំណល់អេឡិចត្រូនិចជាង៥៣លានតោនត្រូវបានបង្កើតឡើងនៅទូទាំងពិភពលោកកាលពីឆ្នាំ២០១៩ ពោលគឺច្រើនជាង៥ឆ្នាំមុន ជាង៩លានតោន ៕ ប្រភព៖ BBC