អភិបាលខេត្តប៉ៃលិនផ្តល់អាវដល់អ្នករត់ម៉ូតូឌុប និងណែនាំដល់អ្នករត់តាក់ស៊ីកុំភ្លេចអនុវត្តន៍ ៣ការពារ ៣កុំ ដើម្បីការពារជំងឺកូវីដ-១៩
ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ែលិនបានណែនាំ និងអំពាវនាវដល់បងប្អូនពលរដ្ឋ ដែលប្រកបរបរជាអ្នករត់ម៉ូតូឌុបទាំងអស់ ត្រូវតែបន្តអនុវត្ត៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលដើម្បីការពារការឆ្លងជម្ងឺកូវិដ ១៩ ដែលកំពុងតែរីករាលដាលខ្លាំងនាពេលនេះ ។
បញ្ជាក់ ក្នុងពិធីចែកអាវក្រៅដែលជាតំណាងឲ្យសមាគមន៍ម៉ូតូឌុបខេត្តប៉ៃលិន កាលពីថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១លោកជំទាវ បាន ស្រីមុំបានថ្លែងដោយបង្ហាញការព្រួយបារម្ភពីការរីករាលដាលជំងឺកូវីដ-១៩ និងបានផ្តាំផ្ញើដល់ពលដ្ឋកុំភ្លេចការពារជំងឺកាចសាហាវមួយនេះគ្រប់គ្នា។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា”ថ្ងៃនេះ ខ្ញុំកក់ក្តៅមួយកម្រិតទៀត តែទោះបីជាយ៉ាងណា សូមលោកអ៊ុំ លោកពូ បងប្អូនកុំភ្លេចខ្លួន នៅតែបន្ត ពាក់ម៉ាស លាងដៃ រក្សាគម្លាត នេះជាវិធីក្នុងការ ការពារ ការឆ្លងមេរោគកូវីដ-១៩ “។
ក្នុងនាមជាអភិបាលខេត្ត លោកជំទាវបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរកូនចៅប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ សម្តេចបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់កាល:ទេស: ។
គួរបញ្ជាក់ថា សមាគមន៍ម៉ូតូឌុបនៅខេត្តប៉ៃលិននេះ គឺផ្តួចផ្តើមឡើងដោយលោកជំទាវ បាន ស្រីមុំ កាលពីឆ្នាំ២០១៩ ដែលកាលនោះលោកជំទាវនៅជាតំណាងរាស្រ្តមណ្ឌលប៉ៃលិននៅឡើយ ៕ ដោយ៖ចិន្ដា