អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារថ្នាក់មូលដ្ឋានឃុំបឹងព្រះ

ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារថ្នាក់មូលដ្ឋានឃុំបឹងព្រះ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអនុប្រធាន សមាជិកក្រុមការងារឃុំ មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងអ្នកពាក់ព័ន្ធ នាព្រឹក ថ្ងៃទី១២ ខែ មិថុនា ឆ្នាំ ២០២១។

បន្ទាប់ពីលោកមេឃុំ ណុប ចឹក បានធ្វើការរាយការណ៍សង្ខេបពីសកម្មភាពការងារកន្លងមក ឯកឧត្តមបានសំដែងការអរគុណដល់ក្រុមការងារដែលបានខិតខំបំពេញការងារដោយមានការទទួលខុសត្រូវខ្ពស់ក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។ ឯកឧត្តមបានមានប្រសាសន៍ណែនាំមួយចំនួនដល់ក្រុមការងារ ត្រូវបន្តផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ១៩ ដោយអនុវត្ត៣កុំ-៣ការពារ និងបំពេញការងារត្រូវអនុវត្តតាមគន្លងថ្មីក្នុងបរិបទជំងឺកូវីដ១៩ ត្រូវគ្រប់គ្រងឱ្យបានច្បាស់លាស់នូវលំហូចូលបងប្អូនដែលបានវិលត្រលប់ពីបណ្តាខេត្តផ្សេងៗមកឃុំបឹងព្រះ បន្តពង្រឹងការផ្តល់សេវាសាធារណៈឱ្យបានលឿន និងកាន់តែមានប្រសិទ្ធភាព និងបន្តគាំទ្រការងារសង្គមកិច្ច។

បញ្ចប់កិច្ចប្រជុំមក ឯកឧត្តម និងក្រុមការងារអញ្ជើញចូលរួមពិធីបុណ្យសពលោកមេភូមិតាម៉ៅ និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ ញាតិមិត្តបងប្អូន នៃសព សូមបួងសួងឱ្យវិញ្ញាណក្ខន្ធលោកមេភូមិទៅកាន់សុគតិភព។

បន្ទាប់មកទៀត ឯកឧត្តម និងក្រុមការងារ បានអញ្ជើញពិនិត្យគម្រោងសាងសងផ្លូវមួយខ្សែភ្ជាប់ពីភូមិតាម៉ាទៅភូមិដីថុយ ដើម្បីសម្រាលការលំបាកជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ៕ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner