បច្ចុប្បន្នភាពលទ្ធផលនៃការធ្វើជំរឿនសត្វត្មាតទូទាំងប្រទេស ឆ្នាំ២០២១បានកត់ត្រា វត្តមាន សត្វត្មាតចំនួន ៨២ ក្បាលក្នុងនោះមានត្មាតភ្លើង ១៣ក្បាល ត្មាតផេះ៤២ក្បាល និងត្មាតត្នោត ២៧ក្បាល

បច្ចុប្បន្នភាពលទ្ធផលនៃការធ្វើជំរឿនសត្វត្មាតទូទាំងប្រទេសកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានកត់ត្រាវត្តមានសត្វត្មាតចំនួន ៨២ ក្បាលក្នុងនោះមានត្មាតភ្លើង ១៣ក្បាល ត្មាតផេះ ៤២ក្បាល និងត្មាតត្នោត ២៧ក្បាល។នេះជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រោយពេលបើកការ ជំរឿនសត្វត្មាតកាលពីថ្ងៃទី១០ ខែមិថុនាកន្លងទៅ។ 

ជំរឿនសត្វត្មាតប្រចាំឆ្នាំ ២០២១ នៅកម្ពុជាសហការរៀបចំដោយក្រសួងបរិស្ថាននិងអង្គការដៃគូក្នុងកិច្ចការអភិរក្សធនធានធម្មជាតិត្រូវបានបើកធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះ នៅលើទីតាំងចំនួន ៤ កន្លែងនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះដែលជឿជាក់ថាមានវត្តមានសត្វត្មាតរស់នៅ។ នេះជាការអង្កេតតាមដានជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិ នៅកម្ពុជាដើម្បីដឹងថាតើនៅក្នុងតំបន់ការពារធម្មជាតិមានវត្តមានសត្វព្រៃ ជីវៈចម្រុះអ្វីខ្លះដើម្បី ងាយស្រួលក្នុងការរៀបចំផែនការការពារនិងអភិរក្សឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅថែរក្សាឱ្យបាននូវជីវៈចម្រុះដែលកម្ពុជាមាន។ 

តាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា  វត្តមានសត្វត្មាតដែលបានកត់ត្រានៅទីតាំងជំរឿនទាំង ៤ កន្លែងនោះរួមមាន៖ ១) មានសត្វត្មាតចំនួន២៣ក្បាល ត្រូវបានកត់ត្រានៅអាហារដ្ឋានត្មាតខេត្តព្រះវិហារ; ២) មិនមានវត្តមានសត្វត្មាតនៅអាហារដ្ឋានខេត្តមណ្ឌលគិរី; ៣) មានសត្វត្មាតចំនួន ៥២ក្បាល ត្រូវបានកត់ត្រានៅអាហារដ្ឋានត្មាតខេត្តស្ទឹងត្រែង និង ៤) មានសត្វត្មាតចំនួន ៧ក្បាល ត្រូវបានកត់ត្រានៅ អាហារដ្ឋានត្មាតខេត្តក្រចេះ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាដើម្បីសន្និដ្ឋានថាចំនួនប្រជាសាស្ត្រនៃសត្វត្មាតដែលជាប្រភេទសត្វកម្រជិតផុតពូជលើពិភពលោកមានការថយចុះ ឬកើនឡើង ក្រុមការងារបច្ចេកទេសក្រសួងបរិស្ថាននិងអង្គការដៃគូនឹងបន្តធ្វើជំរឿនទូទាំងប្រទេសចំនួន ៥ ដងទៀតគឺគ្រោងនឹងធ្វើនៅថ្ងៃទី២០ ខែមិថុនា ថ្ងៃទី១០ ខែកញ្ញា ថ្ងៃទី២០ ខែកញ្ញា ថ្ងៃទី១០ ខែធ្នូ និងថ្ងៃទី២០ ខែធ្នូ២០២១។ 

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ជំរឿនសត្វត្មាតនៅប្រទេសកម្ពុជាធ្វើឡើងដោយការប្រមូលទិន្ន័ន័យពី ៤ ទីតាំងផ្សេងគ្នានៅក្នុងភូមិ ភាគឦសាននៃប្រទេសកម្ពុជាហើយត្រូវបានអនុវត្តនិងចូលរួមដោយក្រុមការងារសត្វត្មាតកម្ពុជា (CVWG ) ដោយសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជី វិតសត្វស្លាបអន្តរជាតិ (Birdlife International) អង្គការ WWF មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈ ចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ តាមលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២០ ចំនួនសត្វត្មាតច្រើនបំផុតមានត្រឹម ១២៩ក្បាលប៉ុណ្ណោះក្នុងប្រទេសកម្ពុជា។ ពួកវារស់នៅជាហ្វូងហើយស៊ីសាកសពជាអាហារ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា នៅក្នុងខេត្តព្រះវិហារ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ WCS បានអនុវត្តសកម្មភាពអភិរក្សនៅតាមតំបន់ការពារធម្មជាតិតាមរយៈការផ្តល់ចំណីបន្ថែមមួយខែ ២ ដងដល់សត្វត្មាត និងការពារសំបុកពងកូន អភិវឌ្ឍន៍នូវការយល់ដឹងស៊ីជម្រៅនៃកត្តាប្រឈមដល់សត្វត្មាត នៅក្នុងខេត្តព្រះវិហារ។ ចាប់ពីខែ មករា ដល់ខែ ឧសភា ឆ្នាំ២០២១ មាន ការរៀបចំការផ្តល់ចំណីបន្ថែមតាមរយៈការធ្វើ «អាហារដ្ឋានត្មាត» ចំនួន ១០ដងដើម្បីតាមដានចំនួនសត្វត្មាត។ សត្វត្មាតមានវត្តមាននៅកម្ពុជាមានតែបីប្រភេទគឺ ១)ត្មាតភ្លើង ២)ត្មាតត្នោត និង ៣)ត្មាតផេះ។ សត្វត្មាតជាប្រភេទជិតផុតពូជបំផុតពីផែនដី មានវត្តមាននៅខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងក្រចេះនៃប្រទេស​កម្ពុជា។

សត្វត្មាតជាប្រភេទសត្វកម្រនិងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួន សត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុង កម្រិ តមួ យ គួ រព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានដោយ សហការជាមួយអង្គការ ដៃគូ នានាខិតខំប្រឹងប្រែងការពារនិងអភិរក្សក៏ដោយ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខា ធិកា រ ក្រ សួងបរិស្ថានបានឱ្យដឹងថា មូលហេតុដែលនាំឱ្យសត្វត្មាតនៅក្នុ ងប្រទេសកម្ពុជាមានការធ្លាក់ចុះខ្លាំងដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ប្រជាសហគមន៍នៅតាមតំបន់មួយចំនួនបាន ប្រើប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំងដើម្បី ចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ ហើយការបំពុល នេះក៏ជាមូលហេតុ ចម្បងដែលបណ្ដាលឱ្យសត្វត្មាតស្លាប់ដែរដោយសារតែសត្វត្មាតទាំងនោះស៊ីសាលសពសត្វស្លាប់ដោយសារតែថ្នាំពុល។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុង នាមក្រសួងបរិស្ថាន សូមបានអំពាវនាវដល់ប្រជា ពលរដ្ឋទាំងអស់ចូលរួមអភិរក្ស និងការពារសត្វត្មាតដោយបញ្ឈប់សកម្មភាពបរបាញ់ ឬការជួញដូរសត្វព្រៃ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា សត្វត្មាតជាសត្វស្លូត និង ជាអ្នកដែល សម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ ហើយការពារនិងអភិរក្សសត្វត្មាតបានគង់វង្ស វាជាការថែរក្សាមរតក ធម្មជាតិដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជានិងពិ ភពលោកទាំងមូលជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរស ម្រាប់ទេសចរណ៍ធម្មជាតិ បង្កើតមុខរបរ ផ្តល់ចំណូលជូនប្រជាពលរដ្ឋ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner