កម្ពុជា ស្នើសាធារណរដ្ឋឆេកយកចិត្តទុកដាក់​ទៅលើកិច្ចការជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយកម្ពុជាលើវិស័យសេដ្ឋកិច្ចពាណិជ្ជ​កម្មវិនិយោគនិងការអភិវឌ្ឍធនធានមនុស្ស

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេកយកចិត្តទុកដាក់ទៅលើកិច្ចការជំរុញ​កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា​លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគនិងការអភិវឌ្ឍធនធានមនុស្ស។ការលើកឡើងរបស់សម្តេចតេជោហ៊ុនសែននៅក្នុងឱកាសអនុញ្ញាត​ឲ្យឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឆេកប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្តម MartinVavra ចូលជួបសំដែងការគួរសមនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៤ខែមិថុនានេះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា៖​សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន បានស្នើទៅ ឯកឧត្តម Martin Vavra ពាក់ព័ន្ធបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាសុំយកចិត្តទុកដាក់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការក្នុង វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។សម្ដេចតេជោក៏បានជម្រាបជូនឯកអគ្គរដ្ឋទូតថាកម្ពុជាកំពុងជំរុញការចាក់វ៉ាក់សាំងដែលអាចចាក់ជូនប្រជាពលរដ្ឋប្រមាណ១០លាននាក់នៅក្នុងខែវិច្ឆិកាខាងមុខ។ នៅក្នុងជំនួបនោះ ឯកឧត្តម Martin Vavra បានជម្រាបជូនសម្ដេចតេជោហ៊ុនសែនថាបេសកកម្មរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះគឺធ្វើយ៉ាងណាពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកធំៗឡើងនិងស៊ីជម្រៅថែមទៀត។

ឯកឧត្តមបានបន្ថែមថាសាធារណរដ្ឋឆេកមានមនោសញ្ជេតនាខ្ពស់និងមានអារម្មណ៍យ៉ាងជិតស្និទ្ធជាមួយកម្ពុជាឈរលើមូលដ្ឋាននេះឯកឧត្តមបានសន្យាជូនសម្ដេចតេជោហ៊ុនសែនថាឯកឧត្តមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយវិស័យសេដ្ឋកិច្ចវិស័យពាណិជ្ជកម្មនិងការវិនិយោគ។ជាមួយគ្នានោះដែរឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោហ៊ុនសែនថាសាធារណរដ្ឋឆេកនឹងបន្តជួយដល់កម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស។

ជាការឆ្លើយតបសម្ដេចតេជោហ៊ុនសែនបានថ្លែងនូវការអបអរសាទរជូន ឯកឧត្តម Martin Vavra ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឆេកប្រចាំនៅកម្ពុជា។សម្ដេចតេជោបានថ្លែងអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលនៃសាធារណរដ្ឋឆេកដែលបានជួយដល់កម្ពុជាពីអតីតកាលលើវិស័យនយោបាយសេដ្ឋកិច្ចនិងសង្គមកិច្ច។ពីនោះទៅទៀតគឺបានលុបចោលនូវបំណុលមួយចំនួនធំហើយបំណុលដែលនៅសេសសល់បង្វែរមកជួយកម្ពុជាវិញតាមរយៈការសាងសង់សាលារៀននិងវិស័យសង្គមកិច្ចជាដើម៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner