អាជីវករនៅផ្សារលើធំថ្មីក្នុងខេត្ដសៀមរាបត្រូវបានអាជ្ញាធរពាក់ព័ន្ធរៀបចំឲ្យដាក់វេនគ្នាលក់

សៀមរាប៖ អាជីវករនៅផ្សារលើធំថ្មីក្ោនុងខេត្ដសៀមរាបត្រូវបានអាជ្ញាធរពាក់ព័ន្ធរៀបចំឲ្យដាក់វេនគ្នាលក់ ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ.១៩ ចូលក្នុងសហគមន៍។ ការលក់ដូរផ្លាស់វេនគ្នានេះ គឺធ្វើឡើង ក្រោយពេលដែលអាជីវករលក់ជ្រក់ស្ពៃនៅខាងក្រោយផ្សារនោះ មានវិជ្ជមានជំងឺកូវីដ.១៩ កាលពីថ្ងៃទី១១ខែមិថុនាកន្លងមក។

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ការដាក់វេនគ្នាលក់ចែកចេញជាពីរផ្នែក គឺអ្នកលក់នៅក្នុងផ្សារ និងអ្នកលក់នៅជុំវិញផ្សារ។ ផ្នែកទី១ សម្រាប់អាជីវករលក់នៅក្នុងផ្សារ ដែលមានលក់សំលៀកបំពាក់ លក់គ្រឿងអល្ល័ងការ ត្រូវបានដាក់វេនគ្នាលក់ម្នាក់មួយថ្ងៃ ដែលមានថ្ងៃសេស និងថ្ងៃគូរ គឺត្រូវចាប់អនុវត្ដនៅថ្ងៃទី១៦ ខែមិថុនានេះ ។ ដោយឡែក អ្នកលក់ខាងក្រោមឬនៅលក់ជុំវិញផ្សារលើ មានលក់បន្លែ ត្រីសាច់ជាដើម ត្រូវចែកវេនគ្នាមួយសប្ដាហ៍លក់ម្ដងម្នាក់ៗ ដែលចាប់អនុវត្ដកាលពីថ្ងៃទី១៣ ខែមិថុនាកន្លងមក ។ ក្រុមអាជីវករបានបន្ដថា និតិវិធីនៃការលក់នោះ គឺលក់ដូរពីតូបមួយ ទៅតូបមួយ បានន័យថា កន្លែងលក់មួយនៅទំនេរ និងទីតាំងមួយទៀតមានអ្នកលក់។

យោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ដសៀមរាប ចេញផ្សាយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នំា២០២១នេះ បានបង្ហាញថា រដ្ឋបាលខេត្តសៀមរាប ណែនាំដល់អាជីវករលក់ដូរនៅក្នុងនិងជុំវិញ ផ្សារលើធំថ្មី គណៈកម្មការគ្រប់គ្រងផ្សារលើធំថ្មី និងអ្នកវិនិយោគ និងធ្វើអាជីវកម្មភាស៊ីផ្សារលើធំថ្មី ត្រូវធ្វើការរៀបចំសណ្តាប់ធ្នាប់លក់ដូរ អោយមានរបៀបរៀបរយ និងការអនុវត្តវិធានការ សុខាភិបាល នៅក្នុងផ្សារ។ ជៀសវាងការប្រមូលផ្តុំមនុស្សច្រើននៅក្នុង និងជុំវិញផ្សារ ដែលអាចប្រឈមនឹងការឆ្លងជំងឺកូវីដ១៩។ ត្រូវរៀបចំឱ្យមានការលក់ដូរប្តូរវេនគ្នាជាបណ្ដោះអាសន្ន។ ត្រូវរៀបចំឱ្យមានការវាស់កម្ដៅអាល់កុល ឬជែលលាងដៃ នៅច្រកចេញ-ចូលផ្សារ និងតាមមុខតូបលក់ដូររបស់ខ្លួន ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពបុគ្គលសង្គម ព្រមទាំងចូលរួមអនុវត្តវិធានការរបស់រាដ៏រដ្ឋាភិបាល “៣ការពារ និង “៣កុំ” និង វិធានការសុខាភិបាលជាប្រចាំ។

សូមជម្រាបថា ព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ ខេត្ដសៀមរាប មកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥០៦នាក់ បានព្យាបាលជាសះស្បើយចំនួន ១១៨នាក់ ស្លាប់ ៣នាក់ និង ៣៨៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យនិងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner