អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ នឹងត្រូវប្រឈមការកាត់ពន្ទុលើបណ្ណបើកបរ

ក្រសួងសាធារណការ កំពុងសហការជាមួយអគ្គស្នងការនគរបាលជាតិ ដើម្បីពន្លឿននីតិវិធីអនុវត្តការកាត់ពិន្ទុលើបណ្ណបើកបរ ដែលអាចអនុវត្តបាននៅដើមឆ្នាំ២០២២ខាងមុខ ក្នុងការពង្រឹងការអនុវត្តន៍ ច្បាប់ចររាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥មិថុនាឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំនីតិវិធីអនុវត្តការកាត់ពិន្ទុលើបណ្ណបើកបរ ដើម្បីពង្រឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងថ្នាក់ ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួងផងដែរ។

នីតិវិធីនៃការកាត់ពិន្ទុបណ្ណបើកបរ ត្រូវគេគ្រោងនឹងត្រូវធ្វើឡើង តាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូន ដែលអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណដែលប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។ យោងតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមការងារជំនាញនៃនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យានោះឡើង។

លោកថា កម្មវិធីនោះអាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់ចរាចរណ៍ ដោយការស្កេនលើបណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ ទៅតាមស្ថាននៃបទល្មើសដូចជា មិនពាក់ខ្សែក្រវាត់សុវត្ថិភាព, បើកបរលើសល្បឿនកំណត់, បើកបរក្នុងស្ថានភាពស្រវឹង, ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានកំណត់ឱ្យគ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនោះ ត្រូវកាត់បន្ថយទៅតាមស្ថាននៃការប្រព្រឹត្តបទល្មើសចរាចរណ៍ ចាប់ពី១ពិន្ទុដល់៦ពិន្ទុ ហើយក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នកបើកបរចង់ បានបណ្ណ បើកបរថ្មី ត្រូវរៀននិងប្រឡងយកបណ្ណបើកបរឡើងវិញក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ពីថ្ងៃដែលបណ្ណបើកបរត្រូវទុកជាមោឃៈនោះ។ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានប្តេជ្ញាត្រៀមសហការ និងចូលរួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញបច្ចេកទេស ដើម្បីអនុវត្តគំនិតផ្តួចផ្តើមនេះឱ្យ បានជោគជ័យក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានសម្តែងនូវការកោតសរសើរ និងគាំទ្រដោយ ស្មោះចំពោះគំនិតផ្តួចផ្តើមនេះ ដែលជាការឆ្លុះបញ្ចាំងនូវមោទនភាពរបស់ជាតិយ៉ាងពិតប្រាកដ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner