អភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យកន្លែងឈាបនដ្ឋានសម្រាប់បូជាសព អ្នកជំងឺកូវីដ-១៩ ស្ថិតនៅឃុំខ្វាវ ស្រុកទ្រាំង

អត្ថបទដោយ៖
ធី ដា

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោកស្រីអភិបាលរងខេត្ត ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង ព្រមទាំងមន្រ្តីចំណុះរដ្ឋបាលស្រុក បានអញ្ជើញចុះពិនិត្យក្រុមជាង កំពុងស្ថាបនាឈាបនដ្ឋាន សម្រាប់បូជាសពអ្នកជំងឺ កូវីដ-១៩ ស្ថិតនៅវត្តស្រីសិទ្ធ ក្នុងភូមិតាស្រែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

មានប្រសាសន៍នាឱកាសចុះពិនិត្យនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារចម្រុះថ្នាក់ខេត្តដែលទទួលមុខការសម្រាប់ការសាងសង់ឈាបនដ្ឋាននេះដែរ ត្រូវធ្វើការត្រួតពិនិត្យមើលឱ្យត្រឹមត្រូវស្របតាមបច្ចេកទេស ដើម្បីទុកប្រើប្រាស់បានយូរអង្វែង។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការរៀបចំសាងសង់ឈាបនដ្ឋានបូជាសពស្លាប់ដោយជំងឺ កូវីដ-១៩ ពេលនេះ គឺដើម្បីប្រការទុកជាមុននៅពេលមានការចាំបាច់ តែមិនមានន័យថា ក្នុងខេត្តតាកែវទាំងមូលមានករណីឆ្លងកូវីដច្រើន ឬមានអ្នកជំងឺច្រើនធ្ងន់ធ្ងរនោះទេ។

សូមបញ្ជាក់ដែរថា ដោយសារតែមានការឆ្លងរាត្បាតជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រាជរដ្ឋាភិបាលបានណែ នាំឱ្យអាជ្ញាធររាជធានី ខេត្ត រៀបចំសាងសង់ឈាបនដ្ឋាន (កន្លែងបូជាសព) សម្រាប់អ្នកស្លាប់ដោយជំងឺ កូវីដ១៩ដោយមិន អនុញ្ញាតឱ្យមានការបញ្ចុះសពឡើយលើកលែងតែជនជាតិខ្មែរអ៊ីស្លាម និងជនជាតិដើមភាគតិច៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner