រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីកែ ច្នៃរួច ចំនួន៧ តោនទៅកាន់ប្រទេសជប៉ុនលើកទី១ និងលើកទី២មានចំនួន ៩តោន បានដាក់ចូលក្នុងទូកុងទីន័ររួចរាល់ គ្រោងនាំចេញនៅ ថ្ងៃទី ១៧ ខាងមុខ ហើយសង្ឃឹមថាផលិតផលខ្មែរនេះនឹងទៅដល់ទីក្រុង OSAKA នៅថ្ងៃទី១៥ ខែកក្កដា(មានវីដេអូ)

អត្ថបទដោយ៖
ជា សេឌី

Video https://fb.watch/69if1Duxzn/

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអញ្ជើញចុះពិនិត្យសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ ដែលមានទីតាំងនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ។

ក្នុងអំឡុងពេលពិនិត្យសកម្មភាពកែច្នៃ លោកស្រី អ៊ិន ឡៃហួត បានរៀបរាប់ជូនឯកឧត្តមរដ្ឋមន្រ្តី បានជ្រាបអំពីសវតា បច្ចុប្បន្នភាព ទិសដៅអនាគតរបស់សិប្បកម្ម . ដោយមានការជួយជ្រោមជ្រែងពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន Top Planning Japan (TPJ) បានចុះអនុសារណៈយោគយល់គ្នា (MOU) ជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូចជាការសាកល្បង។  បច្ចុប្បន្នសិប្បកម្ម មានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន ១០តោន/ខែ។ លទ្ធផលនៃការអនុវត្ត MOU និងដោយមានកិច្ចសហការល្អជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម ធ្វើឲ្យគ្រាប់ស្វាយចន្ទីកែច្នៃរួចបានបង្ហាញខ្លួននៅលើទីផ្សារជប៉ុននាពេលថ្មីៗនេះ។ ជាក់ស្តែង នៅថ្ងៃទី០៧ ខែឧសភា សិប្បកម្មគ្រាប់ស្វាយចន្ទីជ័យសំបូរ បាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចចំនួន ៧តោនទៅកាន់ប្រទេសជប៉ុនសម្រាប់លើកទី១ ហើយលើកទី២ គឺនៅថ្ងៃនេះតែម្តងមានចំនួន ៩តោន បានដាក់ចូលក្នុងទូកុងទីន័ររួចរាល់ គ្រោងនាំចេញនៅថ្ងៃទី១៧ ខាងមុខ ហើយសង្ឃឹមថាផលិតផលខ្មែរនេះនឹងទៅដល់ទីក្រុង OSAKA នៅថ្ងៃទី១៥ ខែកក្កដា។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការ JICA Mr. Imahashi Takayuki នាយកក្រុមហ៊ុន Top Planning Japan នាយកដ្ឋានកសិ-ឧស្សាហកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងភាគីពាក់ព័ន្ធដែលបានជួយសហការការងារបច្ចេកទេស ច្បាប់ និងហិរញ្ញវត្ថុ ធ្វើឲ្យក្តីបំណងរបស់យើងគឺការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបានទៅកាន់ទីផ្សារជប៉ុន និងជាពិសេសលោកបានផ្ញើលិខិតថ្លែងអំណរគុណមួយច្បាប់ជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុនដែលបានអនុញ្ញាតឲ្យគ្រាប់ស្វាយចន្ទីកែច្នៃកម្ពុជាចូលទៅកាន់ទីផ្សារជប៉ុន។

តាមរបាយការណ៍របស់នាយកដ្ឋានកសិ-ឧស្សាហកម្ម បានឲ្យដឹងថាដោយមានការគាំទ្រពីអង្គការ JICA) ក្រុមហ៊ុន TPJ បានទទួលគម្រោងគាំទ្រដើម្បីសិក្សាលំអិតអំពីស្ថានភាពទូទៅនៃខ្សែច្រវាក់តម្លៃស្វាយចន្ទី ក្នុងគោលបំណងកសាងផែនការមេសម្រាប់អភិវឌ្ឍន៍ និងលើកកកម្ពស់ផលិតផលស្វាយចន្ទីកម្ពុជា រយៈពេល ១៤ខែ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងខេត្តគោលដៅចំនួន៤ (ព្រះវិហារ កំពង់ធំ សៀមរាប និងខេត្តកំពង់ចាម)។  

តមកឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញមកពិនិត្យផលិតកម្មបន្លែ (hydroponic) របស់លោក ស៊ុ ឈា នៅភូមិឈើល្វីង ឃុំតាំងក្រសាំង ស្រុកសន្ទុក។  បន្លែដែលលោក ឈា ដាំមាន៖ ដូចជា សាលាដ ស្ពៃតឿ ចង្កឹះ ក្នុងផ្ទះសំណាញ់ចំនួន៤ សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្ត និងរាជធានីភ្នំពេញ ហើយក្នុងមួយវគ្គៗ អាចទទួលបានចំណូលពី ៣០-៤០ម៉ឺនរៀល។

ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រលោក ឈា ដែលមានបំណងចង់ពង្រីកផលិតកម្ម ព្រោះយល់ឃើញថា ចំណូលនៅមានកម្រិត ប៉ុន្តែសក្តានុពលនៅមាន គួរតែពង្រីកឲ្យបានច្រើនតាមលទ្ធភាព ទាន់មានឱកាស។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជួយឧបត្ថម្ភជូនម្ចាស់ចម្ការ ៤០ម៉ឺនរៀលផងដែរទុកជាទុនបន្ថែមសម្រាប់ពង្រីកផលិតកម្ម៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner