ពលរដ្ឋនៅសហគមន៍ឆែបខេត្តព្រះវិហារ កែច្នៃដើមទ្រាំងដើម្បីរកចំណូលបន្ថែម សម្រាប់ចិញ្ចឹមគ្រួសារ

ព្រះវិហារ៖ តាមរយៈការ កែច្នៃចេញពីអនុផលព្រៃឈើជាសម្ភារៈនិងវត្ថុអនុស្សាវរីយ៍ប្រើប្រាស់ផ្សេងៗរបស់ប្រជាសហគមន៍អាចធ្វើឱ្យពួកគាត់រកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ។

ទ្រាំង​ជា​រុក្ខជាតិ ​មាន​ប្រយោជន៍​ច្រើនណាស់​ទាំង​ធាង ស្លឹក​និង​ខ្លឹម​របស់​វា​សុទ្ធតែ​អាច​ច្នៃ​ចេញ​ជា​សម្ភារ​បាន​ទាំងអស់ ក្នុងនេះគេអាចកែច្នៃ ​ចេញ​ជា​សម្ភារ​ប្រើប្រាស់​ និង​របស់​តាំង​លម្អ។ ការកែច្នៃ​នេះ​បាន​ក្លាយជា​មុខរបរ​ប្រពៃណី​មួយ​បន្ទាប់ពី​មុខរបរ​ស្នូល​គឺ​ការធ្វើ​ស្រែចម្ការ​របស់​ពួកគាត់។ ប្រជាពលរដ្ឋរស់នៅ ភូមិ សង្កែ ឃុំ សង្កែ ស្រុកឆែប ខេត្តព្រះវិហារ នៅក្នុងសហគមន៍ឆែប​បានទាញយកផលប្រយោជន៍ចេញពីដើមទ្រាំងដោយច្នៃចេញជាចង្កឹះ ផ្លែដាវ ឈើច្រត់ វែកបាយ កន្ទេល ធ្នូលក់ចេញលើទីផ្សារ ក្លាយជារបរមួយបន្ថែមទៀតក្រៅពីរបរកសិករ។

កំពុងឈរលក់សម្ភារៈដែលកែច្នៃចេញពីដើមទ្រាំង អ្នកស្រី ហឿនឡាបានឱ្យដឹងថាចាប់ពីក្រុមគ្រួសារអ្នកស្រីចេះកែច្នៃដើមទ្រាំងចេញជាសម្ភារៈប្រើប្រាស់មកឃើញថាជីវភាពគ្រាន់គាប់ប្រសើរជាងមុន។អ្នកស្រីអាចរកចំណូលគ្រាន់ដោះស្រាយក្នុងគ្រួសារ។ ដោយឡែក អ្នកស្រីទិត្យសុខុនរស់នៅភូមិសង្កែ ឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហា បានឱ្យដឹងពីផលប្រយោជន៍ដើមទ្រាំងនេះថាអ្នកស្រីអាចប្រើប្រាស់បានច្រើនយ៉ាងណាស់ ទាំងគមវាធ្វើម្ហូប ស្លឹកប្រក់ផ្ទះ ធ្វើកន្ទេល និងដើមវាអាចកែច្នៃធ្វើសម្ភារៈច្រើនបែបយ៉ាងណាស់ពេលបច្ចុប្បន្ន។

អ្នកផលិតសម្ភារៈដែលកែច្នៃចេញពីដើមទ្រាំងមានឈ្មោះបោះសម្លេងមួយរូបនៅស្រុកឆែបខេត្តព្រះវិហារនេះគឺលោក លោក មាស ហឿ ប្រធានក្រុមសហគមន៍កែច្នៃចង្កឹះទ្រាំង ស្រុកឆែប បានឱ្យដឹងថាតាមរយៈការកែច្នៃសម្ភារៈធ្វើពីដើមទ្រាំងនេះគឺប្រជាពលរដ្ឋក្នុងសហគមន៍អាចរកចំណូលបានក្នុងមួយខែ៥០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល។ចំណូលទាំងនេះអាចធ្វើឱ្យពួកគាត់គ្រាន់ដោះស្រាយជីវភាព និងមិនចាំបាច់ចូលព្រៃកាប់ឈើ ឬបរបាញ់សត្វដូចកាលពីមុនឡើយ។ លោកមាស ហឿបានឱ្យដឹងជុំវិញបញ្ហានេះថាពលរដ្ឋក្នុងតំបន់នេះគឺដកហូតធាងទ្រាំងដែលចាស់ៗមកប្រើ ក្នុងនេះអាចកែច្នៃជាសម្ភារៈច្រើនមុខ ។សម្ភារៈទាំងនេះលក់ដាច់គួរសម ហើយពេលខ្លះសឹងតែធ្វើមិនទាន់ដែលគេកុម្ម៉ង់ផង។

គួរបញ្ជាក់ថា ដើមទ្រាំង ជាប្រភេទរុក្ខជាតិពពួកត្នោត មានដើមពណ៌ខ្មៅដែលមានកំពស់ពី ៦ ទៅ ២៥ ម៉ែត្រ។ដើមទ្រាំងធាងរបស់វាវែងៗ ហើយធំ ដោយគេអាចយកធាងទាំងនោះ យកមកកែច្នៃពុះ​ច្រៀក​ធ្វើជាស្លឹករឹទ្ធ និងអាចបិតធ្វើជាចង្កឹះបាន ព្រមទាំងមានគុណភាពល្អ និងមានព៌ណខ្មៅ នៅពេល​ដែល​យើង​ប្រើប្រាស់ប្រចាំថ្ងៃ។

តាមឯកសារស្រាវជ្រាវបានបញ្ជាក់ដែរថា ដើមទ្រាំង វាមានផ្កា ផ្លែតែម្តងគត់ក្នុងមួយជីវិត វានឹងងាប់បន្ទាប់ពីផ្ការបស់វាទុំ។ នៅប្រទេសកម្ពុជាដើម ទ្រាំងត្រូវបានគេប្រទះឃើញមានដុះនៅក្នុងខេត្តមួយចំនួនដូចជា៖ ព្រះវិហារ ស្ទឹងត្រែង រតនៈគិរី  ក្រចេះ ជាដើម។ជាមួយគ្នាប្រជាពលរដ្ឋមួយចំនួនមានជំនឿថា សម្ភារៈធ្វើពីទ្រាំងបានលក់ដាច់ដោយសារតែមួយចំនួនគេមានជំនឿលើអប្បិយជំនឿ។ក្នុងនេះពួកគាត់មានជំនឿថាចង្កឹះធ្វើពីដើមទ្រាំងនាំលាភសំណាង និងអាចបណ្តេញឧបទ្រពចង្រៃទៀតផង៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner