គណៈប្រតិភូសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក បំពេញទស្សនកិច្ចស្វែងយល់នៅក្រសួងសាធារណការកម្ពុជា

គណៈប្រតិភូសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (American Chamber of Commerce In Cambodia) នៅកម្ពុជាដឹកនាំដោយលោក Anthony Galliano ប្រធានAmChamនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនCambodia Investment Management នៅព្រឹកថ្ងៃទី១៦មិថុនាឆ្នាំ២០២១ បានបំពេញទស្សនកិច្ចនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងឳកាសនោះ រដ្ឋមន្ត្រីក្រសួងសាធារណការ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនគណៈប្រតិភូអំពីការតភ្ជាប់បណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធពីផ្លូវកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅផ្លូវបេតុងកៅស៊ូ(AC) និងការតភ្ជាប់នៅគ្រប់ច្រកល្ហកទាំងអស់ ដើម្បីពង្រីកទំនាក់ទំនង និងពង្រីកវិសាលភាពសេដ្ឋកិច្ចរបស់កម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីវឌ្ឍនភាពនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែល សម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងសាងសង់នាពេលអនាគតដែលក្នុង នោះរួមមាន៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ១ លេខ២ លេខ២២ លេខ៣ លេខ៤ លេខ៥ ផ្លូវជាតិលេខ៦ លេខ៧ លេខ៨ លេខ៤៨ លេខ១០ លេខ១១ លេខ៥៦ លេខ៥៨ និងផ្លូវជាតិលេខ៧៦ ដែលត្រូវបានបញ្ចប់ការសាងសង់រួចរាល់ និងគម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៣១ ៣៣ ៤១ ពីផ្លូវកៅស៊ូ ពីរស្រទាប់ស្តើង(DBST)ទៅជាផ្លូវបេតុងកៅស៊ូ(AC) គម្រោងសាងសង់ផ្លូវជាតិលេខ៧១c កំពង់ចាម-ត្បូងឃ្មុំ និង គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះផងដែរ។

លោករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពី គម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅក្រុង ព្រះសីហនុគិតរហូតមកទល់ពេលនេះសម្រេចបានជាង៥០%ហើយ គម្រោងសាងសង់ផ្លូវល្បឿនលឿនពី ភ្នំពេញទៅបាវិតបានសិក្សារួចរាល់, ផ្លូវក្រវ៉ាត់ក្រុងទី២បញ្ចប់រួចរាល់, គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ កំពុងដំណើរការសាងសង់ និងគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤កំពុងត្រៀមនឹងសាងសង់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ភ្នំពេញ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ទោះបីជាមានការរាតត្បាតពីជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជា នៅទូទាំងពិភពលោកក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានៅតែបន្តដំណើរការ របស់ខ្លួនឥតឈប់ឈរ មិនទាន់ឃើញមានគម្រោងណាមួយត្រូវបានរងផលប៉ះពាល់ដោយការរាតត្បាត ពីជំងឺដ៏កាចសាហាវនេះនៅឡើយទេ។

ទាក់ទងនឹងការដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រីបានជម្រាបជូនផងដែរថា ក្រសួងបានប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាសម័យទំនើបដើម្បីគាំទ្រដល់ផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ចំណេញពេល វេលា កាត់ចំណាយក្រៅផ្លូវការ ដែលក្នុងនោះរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ប្រព័ន្ធ ស្វ័យប្រវត្តិកម្មលក់លេខពិសេសផ្ទាល់ខ្លួន ការបើកដំណើរការមណ្ឌលប្ដូរនិងពន្យារបណ្ណបើកបរនៅផ្សារ ទំនើបអ៊ីអនម៉ល១ អ៊ីអនម៉ល២ និងផ្សារ ទំនើបជីបម៉ុង និងការបង្កើតទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានយន្ត និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)ដើម្បីឱ្យប្រជាពលរដ្ឋ ចូលរួមរាយការណ៍អំពីផ្លូវខូច សំដៅថែទាំផ្លូវឱ្យបានយូរអង្វែង។ ជាងនេះទៅទៀត គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(NRSC) កំពុងអភិវឌ្ឍគម្រោងដ៏ថ្មី ស្រឡាងមួយទៀតគឺកម្មវិធីកាត់ពិន្ទុបណ្ណបើកបរ ដែលអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការ ដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណ ដែលប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងកម្មវិធីព័ត៌មានវិទ្យាជាច្រើនទៀត ដើម្បីផ្ដល់សេវា សាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បង្ហាញការគិតគូររបស់កម្ពុជា អំពី គោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនបៃតង ដើម្បីសម្របខ្លួនទៅតាមការរីកចម្រើននៃ សាកលភាវូបនីយកម្ម ជាពិសេសការប្រើប្រាស់យានយន្តដែលដើរដោយថាមពលអគ្គិសនីជំនួសវិញ ដើម្បីអាចកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងជៀសវាងការបំភាយឧស្ម័នផ្ទះកញ្ចក់នៅពេលដែល យានយន្តអគ្គិសនីសាកភ្លើងដោយថាមពលកកើតឡើងវិញ។

គណៈប្រតិភូសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្ដេជ្ញាចិត្តខ្ពស់ប្រកបដោយការទទួលខុសត្រូវដើម្បីបន្តជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យមាន ការរីកចម្រើនយ៉ាងរហ័ស៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner