ឯកឧត្តម ព្រុំ សុខា ថ្លែងថា កំណែទម្រង់រដ្ឋបាលសាធារណៈ គឺសំ​ដៅដល់ការកសាងរដ្ឋបាលសាធារណៈឲ្យកាន់តែមានភាពឆ្លើយតប និងប្រសិទ្ធភាព

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម រដ្ឋមន្ត្រី ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងាសាធារណៈបាន មានប្រសាសន៏ថា កំណែទម្រង់រដ្ឋបាលសាធារណៈ គឺសំដៅដល់ការកសាងរដ្ឋបាលសាធារណៈឲ្យកាន់តែមានភាពឆ្លើយតប ប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត ព្រមជាមួយការលើកកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈ ម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈរបស់មន្ត្រីរាជការ។ ឯកឧត្តម រដ្ឋមន្ត្រីមានប្រសាសន៏បែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរមុខងារសាធារណៈខេត្តកណ្តាល បានប្រារព្វធ្វើនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ។

ឯកឧត្តម ​គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរមុខងារសាធារណៈខេត្តកណ្តាលនាថ្ងៃនេះគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះជាការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពបំផុតទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ទៅនឹងការងារមុខងារសាធារណៈ ជាពិសេសអាចឲ្យយើងរួមគ្នាបំពេញនូវកិច្ចការងារសំខាន់ៗទាំងអស់ដែលរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត ប្រគល់ជូនទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងទៀត វាជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មន្ទីរដែលកំពុងតែមានការខ្វះខាតនូវមន្ត្រីមានសមត្ថភាព ដើម្បីរួមចំណែកចាត់ចែងការងារទៅតាមជំនាញក្នុងគោលបំណងអភិវឌ្ឍន៍មូលដ្ឋានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាបណ្តើរៗបន្តទៀត។

លោក លាង ច័ន្ទរង្សី ដែលទើបទទួលបានការតែងតាំងថ្មី បានធ្វើការប្តេជ្ញាចិត្តថា និងខិតខំបំពេញតួនាទី ភារកិច្ច ដោយបំពេញការងារប្រកបដោយមនសិការវិជ្ជាជីវៈ ក្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយគោរពតាមឋានានុក្រម និងការចាត់តាំងរបស់ថ្នាក់ដឹកនាំរបស់ឯឧរដ្ឋមន្ត្រី និងគណៈអភិបាលខេត្ត ។

ឯកឧត្តម ព្រុំ សុខា បានមានប្រសាសន៍ថា ថ្ងៃនេះយើងជួបជុំគ្នារៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរមុខងារសាធារណៈខេត្តកណ្តាល និងការតែងតាំងមុខតំណែងមន្ត្រីរាជការនៅពេលនេះ គឺជាដំណើរការធម្មតានៃការផ្លាស់ប្តូរក្នុងក្របខ័ណ្ឌមន្រ្តីមុខងារសាធារណៈ។​ ឯកឧត្តម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តកណ្តាល ដែលបានផ្តល់នូវការគាំទ្រសំណើររបស់ក្រសួងស្របតាមនីតិវិធីនៃការតែងតាំងមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តម ព្រុំ សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃទាំងឡាយដែលលោក ប៉ុល ថូ​ រួមជាមួយមន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈខេត្តកណ្តាលសម្រេចនាពេលកន្លងមក ។ ព្រមជាមួយនេះ ឯកឧត្តម សង្ឃឹមជឿជាក់ថា លោក លាង ច័ន្ទរង្សី ដែលទើបទទួលនានការតែងតាំងថ្មីនឹងបន្តដឹកនាំ និងខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម សំដៅសម្រេចបាននូវជោគជ័យធំៗបន្ថែមទៀតតាមទិសដៅ និងបេសកកម្មរបស់ក្រសួង ជាពិសេសត្រូវធ្វើជាសេនាធិការយ៉ាងរឹងមាំជូនរដ្ឋបាលខេត្ត លើវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner