ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤០នាក់បន្ថែមទៀត និងជាសះស្បើយ ៥០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃទី១៥មិថុនា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន១ពាន់២៥៩នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៤០នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកកោះសូទិន៦នាក់, ស្រុកព្រៃឈរ៨នាក់, ស្រុកស្រីសន្ធរ៨នាក់, ស្រុកជើងព្រៃ២នាក់, ស្រុកចំការលើម្នាក់, ស្រុកបាធាយ១២នាក់ និងស្រុកកងមាស៣នាក់។
ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
រដ្ឋបាលខេត្តកំពង់ចាមក៏បានជូនដំណឹងថា នៅថ្ងៃទី១៥មិថុនា មានអ្នកជំងឺកូវីដ-១៩ចំនួន៥០នាក់បានជាសះស្បើយផងដែរ។ ខេត្តកំពង់ចាមគិតត្រឹមថ្ងៃទី១៥មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប១ពាន់៣២១នាក់ ក្នុងនោះបានជាសះស្បើយចំនទន៨៧៥នាក់ និងនៅសល់៤៤៦នាក់កំពុងទទួលការព្យាបាល។