ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦០នាក់បន្ថែមទៀត និងជាសះស្បើយ ២៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃទី១៦មិថុនា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន២ពាន់៩០១នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៦០នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកបាធាយ៥នាក់, ស្រុកស្រីសន្ធរ៦នាក់, ស្រុកស្ទឹងត្រង់ម្នាក់, ស្រុកព្រៃឈរ១១នាក់, ស្រុកជើងព្រៃ៣៣នាក់,ស្រុកចំការលើម្នាក់, ក្រុងកំពង់ចាម២នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។
រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ រដ្ឋបាលខេត្តកំពង់ចាមក៏បានជូនដំណឹងថា នៅថ្ងៃទី១៦មិថុនា មានអ្នកជំងឺកូវីដ-១៩ចំនួន២៣នាក់បានជាសះស្បើយផងដែរ។ ខេត្តកំពង់ចាមគិតត្រឹមថ្ងៃទី១៦មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប១ពាន់៣៧០នាក់ ក្នុងនោះបានជាសះស្បើយចំនួន៨៩៨នាក់ និងនៅសល់៤៨២នាក់កំពុងទទួលការព្យាបាល។