ប្រមុខអង្គការសហប្រជាជាតិអំពាវនាវគោរពអោយបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ (មានវីដេអូ)

បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃពុធនេះ បានធ្វើការអំពាវនាវទៅកាន់ភាគីពាក់ព័ន្ធ គោរពអោយបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅនេះ ។
ឆ្លើយតបទៅនឹងសំណួរថាតើលោកអគ្គលេខាធិការមានប្រតិកម្មដែរឬទេ ចំពោះការរីករាលអំពើហិង្សានៅថ្ងៃអង្គារសប្តាហ៍នេះ អនុអ្នកនាំពាក្យរបស់លោក Antonio Guterres គឺលោក Farthan Haq បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានខ្លីមួយថា លោកអគ្គលេខាធិការបានសម្តែងការព្រួយបារម្ភជាខ្លាំង ពាក់ព័ន្ធនឹងផ្ទុះអំពើហិង្សាជុំថ្មីទៀតនាពេលថ្មីៗនេះ ។ លោក Haq បន្ថែមថា លោកអគ្គលេខាធិការចង់ឃើញការបញ្ឈប់នៃអរិភាពត្រូវបានរក្សាអោយខ្ជាប់ខ្ជួន និងបង្រួបបង្រួម ដើម្បីផ្តល់កន្លែងទំនេរសម្រាប់ភាគីពាក់ព័ន្ធធ្វើការរៀបចំ សំដៅធ្វើអោយស្ថានការណ៍មានស្ថេរភាព ។
គួរកត់សម្គាល់ ការព្រួយបារម្ភរបស់ប្រមុខអង្គការសហប្រជាជាតិខាងលើនេះ បានកើតមានឡើងបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងគោលដៅរបស់ក្រុមហាម៉ាស់ នៅជ្រោយហ្គាហ្សា ក្រោយពីប៉ោងប៉ោងដែលអាចឆាបឆេះត្រូវបានបង្ហោះចេញពីទឹកដីនោះ ។ នេះគឺជាការវាយប្រហារទ្រង់ទ្រាយធំលើកដំបូង ចាប់តាំងពីការប្រយុទ្ធគ្នារយៈពេល១១ថ្ងៃរវាងភាគីទាំងពីរបានបញ្ចប់នៅក្នុងបទឈប់បាញ់គ្នាមួយកាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner