អស្ចារ! ផែនការដ៏ធំរបស់ចិនក្នុងការបញ្ជូនអវកាសយានិក៣រូបឡើងទៅកាន់ទីអវកាសនោះ ទទួលជោគជ័យហើយ (មានវីដេអូ)

ចិន ដូចតាមការគ្រោងទុក គឺនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចិនបានទទួលជោគជ័យក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Long March-2F Y12 ដែលផ្ទុកយានអវកាស ហ្សិនចូវ ១២ និង អវកាសយានិកចំនួន ៣រូបឡើងទៅកាន់ទីអវកាស ដោយពួកគេនឹងត្រូវចូលរួមកសាងស្ថានីយអវកាសដំបូងរបស់ចិន ដែលកំពុងលេចរូបរាងជាបណ្តើរៗ ។

ការបាញ់បង្ហោះនេះ ធ្វើឡើងនៅម៉ោងជាង៩ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ចេញពីមូលដ្ឋានបាញ់បង្ហោះ ជីវក្វាន់ នៃតំបន់វាលខ្សាច់ ហ្គោពី ស្ថិតនៅក្នុងខេត្ត ហ្គាន់ស៊ូ ភាគពាយព្យប្រទេសចិន ។ យានអវកាស ហ្សិនចូវ ១២ ត្រូវបានផ្តាច់ខ្លួនពីគ្រាប់រ៉ុក្កែត Long March-2F Y12 នៅក្រោយរយៈពេល៥៧៣វិនាទីនៃការបាញ់បង្ហោះចេញពីផ្ទៃផែនដី ។ យាន ហ្សិនចូវ ១២ និងអវកាសយានិក៣រូបនេះ គឺស្ថិតក្នុងបេសកកម្មបាញ់បង្ហោះលើកទី៣ ក្នុងចំណោមបេសកកម្មសរុបចំនួន១១ដែលចិនត្រូវបំពេញ ដើម្បីកសាងស្ថានីយអវកាសថ្មីអោយរួចរាល់នៅអំឡុងចុងឆ្នាំ២០២២ ។

គួរកត់សម្គាល់ អវកាសយានិកចិនទាំង៣រូប គឺសុទ្ធសឹងតែជាអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវិស្វកម្មជើងចាស់របស់ចិន ដែលធ្លាប់មានបទពិសោធន៍ក្នុងការស្រាវ ជ្រាវទីអវកាសជាច្រើនឆ្នាំមកហើយ ក្នុងនោះមានដូចជាលោក នី ហៃហ្សេង លោក លីវ ប៉ូមីង និងលោក ថាង ហុងប៉ូ ។ បើតាមការគ្រោងនោះ អវកាសយានិកទាំង៣រូប នឹងត្រូវស្នាក់នៅក្នុងបន្ទប់ស្ថានីយអវកាសចិន ដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់សម្រាប់រយៈពេល៣ខែ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner