កម្ពុជា ស្នើឲ្យភាគីចិនសម្របសម្រួលក្នុងការពន្លឿនការបញ្ជូនខ្លួនជនល្មើស និងជនសង្ស័យជនជាតិចិន ចេញពីកម្ពុជាដែលកំពុងស្ថិតក្នុងស្ថានភាពចង្អៀតណែន

ការស្នើរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានធ្វើឡើងក្នុងឳកាសលោកបានជួបពិភាក្សាការងារ ជាមួយ លោក Wu JianMin អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងជាប្រធានតំណាងភាគីចិន នៃការិយាល័យសម្រសម្រួលអនុវត្តច្បាប់ចិននិងកម្ពុជា នៅថ្ងៃទី១៧មិថុនាឆ្នាំ២០២១។ នៅក្នុងជំនួបនោះ លោក Wu JianMin តំណាងក្រសួងសន្តិសុខសាធារណ:ចិន បានថ្លែងអំណរគុណអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដែលបានខិតខំអនុវត្ត និងសម្របសម្រួលកិច្ចសហប្រតិបត្តិការ លើការងារបង្ការ និងទប់ស្កាត់បទល្មើសដែលបានបង្កឡើងដោយជនជាតិចិន និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិននៅកម្ពុជា នាពេលកន្លងមក។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានថ្លែងអំណរគុណភាគីចិន ដែលតែងតែយកចិត្តទុកដាក់ និងជួយដល់កម្ពុជា ទាំងសម្ភារ: បច្ចេកទេស និងបរិក្ខារពេទ្យ ក្នុងការបង្ការ និងទប់ស្កាត់ជម្ងឺ Covid-19 ដល់ស្ថាប័នជាតិគ្រប់ជាន់ថ្នាក់ នាពេលកន្លងមក។ នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ថា ដោយផ្អែកលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អ នាពេលកន្លងមក លោកបានស្នើឲ្យភាគីចិនពិចារណាអំពីការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងនាយកដ្ឋានអន្តោប្រវេសន៍ចិន លើការងារបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ដោយស្ថិតក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណ:ចិន។

ទន្ទឹមនឹងនោះ នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ ក៏បានលើកឡើងផងដែរ អំពីបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងចំនួនដ៏ច្រើននៃជនល្មើស និងជនសង្ស័យជាជនជាតិចិន កំពុងត្រូវបានឃាត់ខ្លួននៅស្នាក់ការត្រៀមបណ្តេញចេញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលកំពុងស្ថិតក្នុងស្ថានភាពចង្អៀតណែន។ នាយឧត្តមសេនីយ៍ បានស្នើភាគីចិនឲ្យពិចារណាអំពីការសម្របសម្រួលក្នុងការពន្លឿនការបញ្ជូនខ្លួនជនល្មើស និងជនសង្ស័យទាំងនោះត្រឡប់ទៅប្រទេសចិន។

ជាការឆ្លើយតបសំណើទាំងនោះ លោក Wu JianMin តំណាងក្រសួងសន្តិសុខសាធារណ:ចិន បានទទួលយក និងធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងសន្តិសុខសាធារណ:ចិន ដើម្បីជ្រាប និងពិចារណាអំពីដំណោះស្រាយ ដើម្បីកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរ បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលល្អប្រសើរ។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោបរ្វេសន៍ បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៤ រហូត ដល់៥ខែ ដើមឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសខុសច្បាប់ ចេញពីប្រទេសកម្ពុជាចំនួន ១ម៉ឺន៨ពាន់៤៧០នាក់ មាន១០៤សញ្ជាតិ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner