អគ្គនាយកអន្តោប្រវេសន៍បញ្ជាក់ប្រាប់ទូតវៀតណាមថា កិច្ចប្រតិបត្តិការការងារគ្រប់គ្រងជនបរទេស និងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍នៅកម្ពុជាគឺមិនដែលមានការរើសអើងឡើយ

ការបញ្ជាក់របស់ អគ្គនាយកអន្តោប្រវេសន៍នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានធ្វើឡើងថា ក្នុងឳកាសដែលលោកអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជាលោក Vu Quang Minh ចូលជួបពិភាក្សាការងារ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជានៅរសៀលថ្ងៃទី១៧មិថុនាឆ្នាំ២០២១។ ក្នុងជំនួបនឡ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើការងារគ្រប់គ្រងជនបរទេស ជាពិសេសប្រជាជនវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក ក្នុងនោះរួមមានៈ ការងារជំរឿនស្ថិតិជនបរទេស, ការទទួលពាក្យស្នើសុំ និងផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនបរទេស និងការអនុវត្តច្បាប់អន្តោប្រវេសន៍ ជាដើម។

ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូតវៀតណាម ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងសិទ្ធិ និងប្រសិទ្ធភាពនៃការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនវៀតណាមនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ។ ជាការឆ្លើយតប នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានបញ្ជាក់ថា នឹងធ្វើការសម្របសម្រួលបន្ថែមទៀត លើការងារផ្សព្វផ្សាយបទបញ្ញត្តិ ស្តីពីសិទ្ធិក្នុងការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ សម្រាប់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ដល់អាជ្ញាធរមូលដ្ឋានតាមរាជធានី ខេត្ត ដើម្បីឲ្យមានការយល់ដឹង និងអនុវត្តត្រឹមត្រូវឈរលើមូលដ្ឋានច្បាប់។

ចំពោះជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ ក៏បានស្នើឲ្យលោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម បន្តជម្រុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនអ្នកទាំងនោះទៅប្រទេសវៀតណាមវិញឲ្យបានឆាប់។ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានបញ្ជាក់ដែរថា កិច្ចប្រតិបត្តិការការងារគ្រប់គ្រងជនបរទេស និងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍នៅកម្ពុជា គឺមានមិនដែលមានការរើសអើងឡើយ។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណផងដែរ ដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដែលបានផ្តល់ជំនួយជាសម្ភារ:ទប់ស្កាត់ជម្ងឺ Covid-19 ដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងបានថ្លែងអំណរគុណដល់ក្រសួងនគរបាលវៀតណាម ដែលបានផ្តល់វគ្គបណ្តុះបណ្តាលជំនាញអន្តោប្រវេសន៍ ដល់មន្រ្តីនគរបាលអន្តោប្រវេសន៍កម្ពុជា នាពេលកន្លងមក ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរផងដែរ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner