ការប្រឡងឌីប្លូម និងបាក់ឌុបសម្រាប់សាលារដ្ឋ និងឯកជននឹងត្រូវធ្វើឡើងចុងឆ្នាំនេះ

យោងតាម អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់បណ្ដាញព័ត៌មាន អោយដឹង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះថា ការប្រឡងឌីប្លូម និងបាក់ឌុប ត្រូវបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។
លោក រស់ សុវាចា បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ការប្រឡងថ្នាក់ជាតិ សម្រាប់សាលារដ្ឋ និងសាលាឯកជន ដែលមិនមានលទ្ធភាពរៀបចំ ការប្រឡងដោយខ្លួនឯងដូចតទៅ៖

សម័យប្រឡងឌីប្លូមថ្នាក់ជាតិ គឺប្រព្រឹត្តិទៅនៅ ១៥ វិច្ឆិកា ២០២១៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនដល់គ្រឹះស្ថានមធ្យមសិក្សានីមួយៗ រៀបចំការប្រលង។ មន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនបុគ្គលិកអប់រំ នៅការិយាល័យជំនាញ ដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួន ក្នុងករណីចាំបាច់។ សម័យប្រឡងបាក់ឌុបថ្នាក់ជាតិ គឺ០៦ ធ្នូ ២០២១៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ត្រូវធ្វើសំណើរមណ្ឌលប្រឡងបាក់ឌុប ជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យ និងសម្រេចតាមឋានានុក្រម។

ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យសាលាឯកជនរៀបចំការប្រឡងឌីប្លូម និងបាក់ឌុប នៅតាមសាលាឯកជនរៀងៗខ្លួនបាន ដូចតទៅ៖ សម័យប្រឡងឌីប្លូមសាលាឯកជននឹងប្រព្រឹត្តិទៅ គឺនៅថ្ងៃទី ១១ ខែតុលា ២០២១៖ សាលាឯកជនត្រូវរៀបចំមណ្ឌលប្រឡង បន្ទប់ប្រឡង រួចបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំ យុវជននិងកីឡា រាជធានីខេត្ត ដើម្បីពិនិត្យនិងសម្រេច។

សម័យប្រឡងបាក់ឌុបសាលាឯកជន នឹងប្រព្រឹត្តិទៅគឺនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១៖ សាលាឯកជនត្រូវរៀបចំមណ្ឌលប្រឡង ដាច់ដោយឡែកពីគ្នារវាងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួចបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ដើម្បីពិនិត្យ និងសម្រេច។
មន្ត្រីអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានបញ្ជាក់ថា ក្នុងករណីសាលាឯកជន មិនមានលទ្ធភាពរៀបចំ ការប្រឡងដោយខ្លួនឯង ត្រូវចូលរួមប្រឡងជាមួយសិស្ស នៃសាលារដ្ឋនៅពេលក្រោយ តាមការជូនដំណឹងរបស់ក្រសួង៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner