ក្រសួងទេសចរណ៍ ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិរំពឹងថា នឹងមានកំណើនខ្លាំងឡើងវិញ បន្ទាប់ពីពលរដ្ឋបានចាក់វ៉ាក់សាំងគ្រប់គ្នានៅដើមឆ្នាំ២០២២ (មានវីដេអូ)

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងទេសចរណ៍ ឯកឧត្តម ជុក ជំនោរ មានសុទិដ្ឋិនិយមថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិរំពឹងថា នឹងមានកំណើនខ្លាំងឡើងវិញ បន្ទាប់ពីពលរដ្ឋបានចាក់វ៉ាក់សាំងគ្រប់គ្នានៅដើមឆ្នាំ២០២២ បើទោះបីជាកំណើនភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិនៅមានកម្រិតនៅឡើយ ។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបាននឹងកំពុងពន្លឿនការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋឱ្យបានគ្រប់គ្នា ដើម្បីជំរុញវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីទទួលរងផលងប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺកូវីដ១៩នាពេលកន្លងមក ។ ឯកឧត្តមបន្ថែមថា ដោយសាររាជរដ្ឋាភិបាល សម្រុកចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅទីក្រុងភ្នំពេញ ដែលជាតំបន់ប្រឈមខ្ពស់ជិតរួចរាល់ហើយ ដូច្នេះរាជរដ្ឋាភិបាលនឹងចាប់ផ្ដើមពន្លឿនការចាក់វ៉ាក់សាំងតាមគោលដៅសំខាន់ៗជាបន្តបន្ទាប់ទៀត ជាពិសេសតំបន់គោលដៅទេសចរណ៍ ។ បច្ចុប្បន្នក្រសួងទេសចរណ៍បាននិងកំពុងជំរុញការសិក្សាលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ​កូវីដ១៩​រួចហើយ ដែលមកពីទីផ្សារណាមានហានិភ័យទាប នៅក្នុងជំហ៊ានដំបូងរបស់ខ្លួន ដែលរំពឹងថា នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ខាងមុខនេះ ។ ការធ្វើដូច្នេះដើម្បី​សង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញ ដែលកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរពីការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ នេះបើតាមការបញ្ជាក់ពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ចំពោះផែនការបើកដំណើរការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនេះ ក្នុងជំហ៊ានដំបូង ក្រសួងទេសចរណ៍ និងធ្វើការជាមួយក្រសួងសុខាភិបាល អំពីលក្ខខណ្ឌឲ្យប្រាកដថាតើយើងនឹងតម្រូវឲ្យភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ហើយ ចូលមកប្រទេសកម្ពុជានោះ ត្រូវធ្វើ​ចត្តាឡីស័ក​ក្នុងកម្រិតណា ។ យោងតាមក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាក្នុងរយៈពេល៤ខែដំបូងក្នុងឆ្នាំ២០២១នេះ មានចំនួន៨ម៉ឺន២ពាន់៨៣៩នាក់ ធ្លាក់ចុះ៩២,៩ភាគរយ បើធៀបទៅនឹងឆ្នាំកន្លងទៅ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner