ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជួបសម្តែងការគួរសមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដើម្បីគោរពរាយការណ៍ជូនអំពីសមិទ្ធផលការងារសម្រេចបាន ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួប សម្តែងការគួរសមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដើម្បីគោរពរាយការណ៍ជូន អំពី សមិទ្ធផលការងារសម្រេចបានក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ថ្នាក់ដឹកនាំក្រសួង កាលពីថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។

ថ្លែងក្នុងរបាយការណ៍គោរពជូនសម្តេចវិបុលសេនាភក្តីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនអំពីលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅកាងារ ឆ្នាំ២០២១ របស់ក្រសួងដែលរួមមាន៖ គម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលសម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងនាពេលអនាគត ទាក់ទងនឹងការសាងសង់ ពង្រីក និងលើកកម្ពស់គុណភាពផ្លូវពីផ្លូវពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូផ្លូវ(AC) ស្របតាមបរិបទនៃការរីកចម្រើនសេដ្ឋកិច្ចជាតិ ក្នុងនោះរួមមាន៖ គម្រោងសាង សង់ ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ ៤ ផ្លូវជាតិ លេខ៥ និងបណ្តាញផ្លូវជាតិជាច្រើនទៀត។

បន្ថែមទៅលើគម្រោងសាងសង់ ពង្រីក និងលើកកម្ពស់គុណភាពបណ្តាញផ្លូវ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងស្នើសុំបង្កើតគណៈកម្មការគ្រប់គ្រងដីចំណីផ្លូវ គម្រោងសាងសង់ស្ពានក្រចេះ ការទិញបានគ្រឿងចក្រត្រួតពិនិត្យគុណភាពស្ពាន ការងារសុវត្ថិភាពចរាចរណ៍ បានបង្កើតមណ្ឌលសេវា សាធារណៈដើម្បីបង្ខិតសេវាទៅកៀកនឹងប្រជាពលរដ្ឋ ការចេញបណ្ណបើកបរអន្តរជាតិសម្រាប់៩៩ប្រទេស បានធ្វើការជាមួយក្រសួងសង្គមកិច្ចចេញបណ្ណបើកបរជូនជនពិការ តភ្ជាប់ប្រព័ន្ធជាមួយអគ្គនាយកដ្ឋាន គយ និងពន្ធដារដើម្បីត្រួតពិនិត្យការក្លែងបន្លំពន្ធនិងងាយស្រួលក្នុងការប្តូរកម្មសិទ្ធិយានយន្ត បានដាក់ឱ្យ ដំណើរការសាលាបង្រៀនបើកបរធ្ងន់ធ្ងរ បានដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេស និងលេខពិសេស ផ្ទាល់ខ្លួនបានចំនួន៥៧០០ផ្លាក ដែលមានQR Code ទទួលបានថវិកា៤៦ពាន់លានរៀលចូលថវិកាជាតិ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីរឹតបន្តឹងនិងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គម្រោង ដាក់ឱ្យដំណើរការកម្មវិធីកាត់បន្ទុកបណ្ណបើកបរតាមរយៈទូរសព្ទដៃ ជាដើម។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា៖ ក្រសួងបានសហការជាមួយទីភ្នាក់ងារ JICAដើម្បីបង្កើតគម្រោងកំពង់ផែPort EDI គម្រោងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ១៤,៥ម៉ែត្រ ត្រៀមនឹងបញ្ចប់ឆ្នាំ២០២៥ គម្រោងពង្រីកកំពង់ផែស្វ័យតក្រុងភ្នំពេញ គម្រោងអភិវឌ្ឍន៍កំពង់ផែទេស ចរណ៍នៅកំពត បានរៀបចំយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនតាមផ្លូវដែក បានពិភាក្សាជាមួយភាគី វៀតណាមដើម្បីតភ្ជាប់ផ្លូវដែកពីហូជីមិញមកបាវិត-ម៉ុកបៃ បានបញ្ចប់គម្រោងសិក្សាសាងសង់រថភ្លើង Monorailនិងរថភ្លើងក្រោមដី(Subway) ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ បានបញ្ចប់ផែនការមេភស្តុភារកម្មដើម្បីទាក់ទាញវិនិយោគិននិងដើម្បីប្រែក្លាយកម្ពុជាជាកន្លែងស្តុក ទំនិញឆ្លងកាត់ និងជាតំបន់ចែកចាយទំនិញនៅក្នុងតំបន់ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនYCH របស់ប្រទេសសឹង្ហបុរីដើម្បីបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងបានបង្កើតផែនការមេសម្រាប់គ្រប់ គ្រងទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរឡើងសុខមាលភាពសាធារណៈផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរ សម្តេចវិបុលសេនាភក្តីបានថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជន ក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី សម្រេចបាន នូវសមិទ្ធផលការងារជាច្រើនក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយបានរួមចំណែកយ៉ាងខ្លាំងក្លា ដល់រាជរដ្ឋាភិបាលក្នុងកាអភិវឌ្ឍប្រទេសជាតិ ក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ដែលកម្ពុជាកំពុង ឆ្លងកាត់។

ស្របពេលជាមួយគ្នានេះ សម្តេចក៏បានស្នើឱ្យឯកឧត្តមទេសរដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងជួយជំរុញលើកទឹកចិត្តមន្ត្រីរាជការក្រសួងឱ្យខិតខំប្រឹងប្រែងបន្តទៀត ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុង គោលបំណងដើម្បីពង្រឹងនិងពង្រីកគ្រប់ការងារទាំងអស់ដើម្បីទទួលបានសមិទ្ធផលថ្មីៗជាច្រើនបន្ថែម ទៀត៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner