ឧកញ៉ា ប្រាក់ ប្រាកដ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកាតុលាការ ពាក់ព័ន្ធករណីឆបោកប្រាក់ ១០មុឺនដុល្លារ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនឧកញ៉ា ប្រាក់ ប្រាកដ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងហាងកាហ្វេមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តាមដីកាតុលាការ ដើម្បីយកទៅសួរនាំពីដំណើរឿងឆបោកប្រាក់ចំនួន១០ម៉ឺនដុល្លារ។

បេីយោងតាមពាក្យបណ្តឹងរបស់អ្នកស្រី ចាន់ ធូ មានទីលំនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឈ្មោះប្រាក់ ប្រាកដ បាននិយាយធានារត់ការផ្ទេរឈ្មោះតួនាទីប្តីរបស់នាង ឈ្មោះ អេង អូន ចេញពីក្របខណ្ឌកងទ័ព ទៅជាក្របខណ្ឌនគរបាលជាតិ និងឡើងធ្វើជាស្នងការរងនគរបាលខេត្តព្រះសីហនុ ដោយទារប្រាក់រត់ការចំនួន៣០ម៉ឺនដុល្លារ។

ក្រោយនិយាយត្រូវគ្នា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ អ្នកស្រី ចាន់ ធូ និងស្វាមី បានប្រគល់លុយចំនួន១០ម៉ឺនដុល្លារ អោយទៅឈ្មោះប្រាក់ ប្រាកដ ហើយរងចាំលទ្ធផលផ្ទេរឈ្មោះ និងតួនាទីដោយមានតួនាទីជាស្នងការរងជាផ្លូវការ ទើបប្រគល់ប្រាក់ថែម២០ម៉ឺនដុល្លារទៀត។

តាមពាក្យបណ្តឹងដដែលបានឲ្យដឹងថា ក្រោយទទួលបានលុយដោយសន្យាធានារត់ការផ្ទេរឈ្មោះ និងក្របខណ្ឌរួចមក ឈ្មោះ ប្រាក់ ប្រាកដ ពុំបានធ្វើតាមការសន្យាឡើយ ហើយបានប្រើឡេះមិនចេះចប់មិនចេះហើយ ពេលទូរស័ព្ឌសួរនាំ និងទាមទារយកលុយមកវិញ បើខ្លួនរត់ការមិនបាន គឺឈ្មោះនេះមិនលើកទូរស័ព្ទ មិនតបតាមតេឡេក្រាម ហើយគេចចេញមិនចូលផ្ទះរហូតដល់បច្ចុប្បន្ន ទើបជនរងគ្រោះសំរេចដាក់ពាក្យបណ្ដឹងទៅតុលាការ។

គួរបញ្ចាក់ថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ បានចេញដីកាកោះហៅឈ្មោះ ប្រាក់ ប្រាកដ អោយចូលខ្លួនមកឆ្លើយបំភ្លឺនៅថ្ងៃទី១៧ ខែមិថុនា ២០២១នេះ តែឈ្មោះនេះមិនព្រមចូលខ្លួន ទើបបង្គាប់អោយនាំខ្លួនតែម្ដង៕ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner