ហោរាសាស្រ្តប្រចាំថ្ងៃ១០កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំណាស់នឹងចូលក្នុងផ្ទះលោកអ្នក ពិសេសលទ្ធផលការងារដែលអ្នកបានរងចាំអស់ពេលយ៉ាងយូរមកហើយ ។ ចូរកុំខ្លាចរអានឹងបណ្តាក់ទុន ឬចាប់ផ្តើមការងារថ្មី ព្រោះគ្មានអ្វីមកបង្អាក់លោកអ្នកបានទេ។ សម្រាប់អ្នកធ្វើការងាររដ្ឋ ឯកជននានា តំណែងការងារដែលអ្នកកំពុងរំពឹងទុកគឺមានសញ្ញាណវិជ្ជមាន។ ថ្ងៃនេះជាពេលវេលាល្អក្នុងការទិញចលន និងអចលនវត្ថុចូលផ្ទះ។ ដោយឡែក អ្វីដែលអ្នកគួរមានការប្រុងប្រយ័ត្នគឺការចាញ់បញ្ឆោតគេ។
ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមានការលំបាកក្នុងការប្រកបការងារដើម្បីឲ្យទទួលបានផលសម្រេចខ្លាំងណាស់ បើទោះបីលោកអ្នកខិតខំប្រឹងប្រែងយ៉ាងណាក្តី។ ក៏ប៉ុន្តែលោកអ្នកមានថាមពលវិជ្ជមានជានិច្ចដើម្បីប្រឈមនឹងបញ្ហា ដូច្នេះសូមដោះស្រាយបញ្ហាដែលកើតឡងដោយសន្សឹមៗ និងកុំមានភាពឆេវឆាវ។ លើសពីនេះ ប្រសិនជាអាច សូមធ្វើការងារជាក្រុម ពីព្រោះលោកអ្នកកំពុងត្រូវការគំនិតជាច្រើនបន្ថែមទៀត។ ផ្ទុយទៅវិញ សូមព្យាយាមកែប្រែស្ថានការណ៍ដោយធ្វើទំនាក់ទំនងបន្ថែមជាមួយមនុស្សក្នុងក្រុមការងារ។
ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារនានានឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិកនៅក្នុងក្រុមការងារ លើសពីនេះពាក្យសំដីរបស់លោកអ្នកហាក់មានការជឿជាក់ណាស់ ដូច្នេះសូមប្រើឳកាសនេះទាញផលប្រយោជន៍ឲ្យបានច្រើន ឬដាក់ចេញការងារដែលអ្នកបានរៀបចំជាស្រេចនោះ។ ចំពោះការចាប់ផ្តើមកិច្ចការងារថ្មី ឬការបណ្តាក់ទុន គឺអាចធ្វើទៅបានដោយគ្មានជំទាស់ឡើយ ដូច្នេះគ្មានអ្វីត្រូវព្រួយទេ ចូរធ្វើនូវការងារដែលអ្នកប្រាថ្នា។ ថ្ងៃនេះដែរ លោកអ្នកក៏អាចនឹងទទួលដំណឹងទាក់ទងនឹងការសម្រេចចិត្តដ៏សំខាន់ក្នុងការងារផងដែរ។
ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការប្រកបអាជីវកម្ម និងកិច្ចការនានារបស់អ្នកដំណើរការទៅដោយរលូន។ អ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលជោគជ័យធំក្នុងថ្ងៃនេះ។ អាស្រ័យហេតុនេះ សូមលោកអ្នកត្រៀមខ្លួនសម្រាប់ការទទួលដំណឹងល្អសម្រាប់កិច្ចការ និងបំណងប្រាថ្នាដែលអ្នកប៉ុនប៉ងជាយូរមកហើយនោះ។ ទន្ទឹមនឹងនោះ សូមបន្តការខិតខំប្រឹងប្រែង ប៉ុន្តែគួរជ្រើសរើសការងារណាដែលសក្តិសមនឹងសមត្ថភាពរបស់ខ្លួន។ ក្នុងនោះ សូមទំលាក់ចោលការងារខ្លះ ធ្វើយ៉ាងណាកុំបង្ខំខ្លួនឲ្យហួសហេតុពេក។
ឆ្នាំរោង សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់បន្តិចបន្តួចក្នុងអាជីវកម្ម ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗ។ កិច្ចការងាររបស់អ្នកហាក់កំពុងជួបប្រទះនឹងភាពរាំងស្ទះ ពិសេសទាក់ទងនឹងការផ្លាស់ប្តូរស្ថានភាពលឿនពេក។ ហេតុដូច្នេះ លទ្ធផលដែលអ្នករំពឹងទុក មិនទាន់សម្រេចទៅបានឡើយ។ ចូររងចាំពេលវេលាបន្តិចទៀតសិន ហើយមិនត្រូវបាត់បង់ទំនុកចិត្ត ឬការខំប្រឹងប្រែងឡើយ។ ក្នុងនោះត្រូវប្រើប្រាស់ពេលវេលារៀបចំគម្រោងផែនការថ្មី។ ដោយឡែក ចំពោះការខ្ចីបុល ត្រូវហាមប្រាមជាដាច់ខាត។
ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលប្រសើរណាស់ក្នុងការពិភាក្សាជាមួយថ្នាក់លើ ដូច្នេះសូមបង្ហាញការងារដែលអ្នកបានគ្រោងទុក តែក៏ត្រូវគ្រប់គ្រងពាក្យសំដី ដោយជៀសវាងឲ្យបាននូវមតិរិះគន់ ពិសេសចំពោះមនុស្សក្នុងក្រុមកាងារ។ ដោយឡែក សញ្ញាណនៃលាភសំណាងកើនឡើង ប៉ុន្តែលាភសំណាងនេះ ផ្សារភ្ជាប់ទៅនឹងកាយវិការ និងពាក្យសំដីទាំងស្រុង។ លើសពីនេះ អ្នកមានលទ្ធភាពយល់ដឹងពីបញ្ហា និងអាចដោះស្រាយបានយ៉ាងងាយ។
ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ចំណែកអ្នកប្រកបការងាររដ្ឋ និងឯកជនច្រើនមានភាពស្មុគ្រស្មាញប្រទាក់ក្រឡា។ លោកអ្នកអាចមានមនុស្សនៅជុំវិញខ្លួនច្រណែនទិន្ទា ប៉ុន្តែសូមអត់ធ្មត់ និងអនុគ្រោះ ដើម្បីជៀសវាងការឈ្លោះប្រកែកគ្នា និងបញ្ហារាលដាល ដែលនាំឲ្យខូចប្រយោជន៍ធំ។ រាសីអ្នកផ្សារភ្ជាប់នឹងពាក្យសំដី ដូច្នេះប្រយ័ត្នពាក្យសំដី។ ដោយឡែក ការពិភាក្សាគឺអាចធ្វើទៅបាន តែត្រូវគ្រប់គ្រងចំណុចខ្លាំង និងខ្សោយរបស់អ្នកឲ្យបាន។
ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អ។ សូមរងចាំទទួលដំណឹងល្អក្នុងរង្វង់ការងារ ពីព្រោះលោកអ្នកអាចសម្រេចការងារនានាតាមការគ្រោង ឬអាចទទួលបានការផ្តល់រង្វាន់ចំពោះការខំប្រឹងប្រែងធ្វើការងារ។ ក៏ប៉ុន្តែសូមលោកអ្នកប្រកាន់ខ្ជាប់នូវចរិកស្លូតសុភាពរាបសារ និងជៀសវាងជម្លោះរវាងក្រុមការងារ ក៏ដូចជាជាមួយដៃគូជំនួញ។ ទន្ទឹមនឹងនេះ អ្នកក៏គួរមានការប្រុងប្រយ័ត្នចំពោះកំហុសឆ្គងផ្នែកឯកសារ ឬកិច្ចសន្យានានាផងដែរ។
ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានទេ តែសូមកុំបាក់ទឹកចិត្ត ត្រូវរៀបចំគម្រោងផែនការជាថ្មី។ ដោយឡែកសម្រាប់អ្នកប្រកបអាជីវកម្ម ហាក់ជួបប្រទះភាពភាពស្មុគ្រស្មាញដោយការប្រកួតប្រជែងខ្លាំងពីដៃគូ ឬស្ថានភាពប្រែប្រួលរបស់បរិស្ថានខាងក្រៅ។ ប្រការគួរចងចាំ គឺសូមព្យាយាមអត់ធ្មត់នឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃ។ ក្នុងនោះ រាល់ការជួបប្រទះភាពស្មុគ្រស្មាញ គួរសុំការពិភាក្សយោបល់ ហើយហាមមិនឲ្យប្រថុយនឹងស្ថានការឡើយ ពីព្រោះមិនមែនជាជម្រើសល្អប្រសើរទេ។ ដោយឡែក សូមផ្អាកការសម្រេចចិត្តនាន ប្រសិនបើអ្នកមិនទាន់យល់ពីការងារនោះច្បាស់។
ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរនឹងទទួលផលចំណេញយ៉ាងប្រសើរ។ ចំពោះលោកអ្នកដែលប្រកបការងារនឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រហើយច្រើនពីមនុស្សនៅជុំវិញខ្លួន។ ថ្ងៃនេះជាវេលាល្អសម្រាប់អ្នកក្នុងការរៀបចំគម្រោងការសម្រាប់អនាគត ដូច្នេះសូមយកចិត្តទុកដាក់ កុំឲ្យពេលវេលាកន្លងផុតទៅ។ ហើយ ប្រសិនបើអ្នកមិនច្បាស់លាស់ក្នុងចិត្ត សូមពិភាក្សានឹងមនុស្សដែលអ្នកទុកចិត្ត។ ក្នុងនោះ គួរប្រកាន់ខ្ជាប់អាកប្បកិរិយាល្អក្នុងការរស់នៅ ដើម្បីរក្សាបានទំនាក់ទំនងតូចធំសម្រាប់ការងារ។
ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ ទើបទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។ លោកអ្នកត្រូវចាប់យកឳកាសនានាដែលមានក្នុងថ្ងៃនេះ ហើយធ្វើយ៉ាងណាកុំបណ្តោយទុកឲ្យវារបូតបាត់បង់ទៅវិញដោយងាយឲ្យសោះ ។ អ្នកក៏គួរតែធ្វើការសម្រេចចិត្តធ្វើការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារថ្មី ប្រសិនបើអ្នកមានបំណង ពីព្រោះស្ថានភាពនេះនឹងជួយឲ្យលោកអ្នកសម្រេចការងារទាំងនោះបានល្អ។ ក្រៅពីនេះគួរគិតគូរពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ថែម ដើម្បីងាយស្រួលសម្របនឹងបញ្ហា។
ឆ្នាំកុរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារកស៊ីនានារបស់លោកអ្នកក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យ និងចម្រើនលូតលាស់យ៉ាងខ្លាំងលើសពីការរំពឹងទុក។ អ្វីដែលអ្នកគួរចងចាំគឺ កុំបណ្តោយពេលវេលាចោលទទេ ហើយត្រូវមានភាពរហ័សរហួន ធ្វើយ៉ាងណាបំពេញការងារឲ្យបានឆាប់ ហើយជ្រើសរើសការងារសំខាន់ធ្វើមុនគេ។ ដោយឡែក ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ បង្កើតមុខរបរថ្មិ ឬការបណ្តាក់ទុន គឺអាចធ្វើទៅបាន ហើយផលសម្រេចនឹងកើតឡើងច្រើន។ ដោយឡែក ថ្ងៃនេះក៏ជាពេលវេលាល្អសម្រាប់លោកអ្នកដើម្បីរៀបចំផែនការនានាសម្រាប់ជីវិតផងដែរ។
ចំណាំ៖
ឆ្នាំទាំង៤ ជូត ថោះ មមែ កុរ រាសីឡើងខ្ពស់ត្រដែត។
លោកអ្នកនឹងទទួលការការជួយជ្រោមជ្រែង ការផ្តល់ឳកាសល្អសម្រាប់ការងារ និងទទួលបានភាពចម្រើនក្នុងអាជីវកម្មយ៉ាងល្អប្រសើរណាស់ក្នុងថ្ងៃនេះ។