ក្រសួងបរិស្ថានប្រកាសបន្តពង្រឹងបន្ថែមទៀតនូវភាពជាដៃគូជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលស្របច្បាប់ ដែលបានសហការល្អ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ មានភាពស្មោះត្រង់

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានបញ្ជាក់យ៉ាងច្បាស់លាស់អំពីការបន្តពង្រឹងបន្ថែមទៀតនូវភាពជាដៃគូជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលស្របច្បាប់ ដែលបានសហការល្អប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ មានភាពស្មោះត្រង់ និងបានកំពុងចូលរួមផ្នែកជំនួយបច្ចេកទេសជាមួយរាជរដ្ឋាភិបាល និងក្រសួងបរិស្ថានក្នុងការ ការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ ទៅកាន់បណ្តាញសារព័ត៌មានថា បច្ចុប្បន្នក្រសួងបរិស្ថានបាននិងកំពុងធ្វើកិច្វសហប្រតិបត្តិការយ៉ាងល្អ និងប្រកបដោយផ្លែផ្លាជាមួយដៃគូអភិវឌ្ឍន៍ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ស្ថាប័នជាតិនិងឯកជនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិប្រមាណ១០០ស្ថាប័ន ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិដែលផ្តោតសំខាន់លើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។នេះមិនគិតពីសហគមន៍តំបន់ការពារធម្មជាតិជិត២០០ ដែលមានទីតាំងនៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិនៅកម្ពុជា ដែលបាន និងកំពុងចូលរួមយ៉ាង សកម្មជាមួយក្រសួងបរិស្ថានចូលរួម ទទួលខុសត្រូវលើកិច្ចការអភិរក្សធម្មជាតិ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា «ដៃគូអភិវឌ្ឍន៍ ទីភ្នាក់ងារអង្គការសហប្រជាជាតិស្ថានប័នជាតិ និងឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិទាំងនេះ បានចុះអនុស្សរណៈនៃការយោគយល់កិច្ចព្រមព្រៀង និងកិច្ចសន្យាស្របតាមច្បាប់ជាធរមានដើម្បីធ្វើសកម្មភាពស្របច្បាប់ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការងារបរិស្ថាន និងធនធានធម្មជាតិ។ ក្រសួងបរិស្ថានសូមសម្តែងនូវអំណរគុណចំពោះស្ថាប័ន និងអង្គភាពទាំងនេះដែលបានគោរពច្បាប់ និងចូលរួមសហការប្រកបដោយភាពស្មោះត្រង់ ក្នុងគោលដៅបម្រើឱ្យផលប្រយោជន៍ជាតិពិតប្រាកដ ហើយបច្ចុប្បន្ននេះ បាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយក្រសួងបរិស្ថាននៅតាមតំបន់ការពារធម្មជាតិនានាក៏ដូចជានៅលើផ្នែកផ្សេងទៀត»។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន

តើអ្វីជាឆន្ទៈរបស់ក្រសួងបរិស្ថានដែលធ្វើសកម្មភាពការពារធនធានធម្មជាតិយ៉ាងម៉ឹងម៉ាត់ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងបរិស្ថានត្រៀមខ្លួនជានិច្ច និងស្វាគមន៍រាល់ការចូលរួមការពារអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនានានៅក្នុងតំបន់ការពារធម្មជាតិសម្រាប់ដៃគូផ្សេងទៀត ដែលបានគោរពរតាមគោលការណ៍ណែនាំនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវមានភាពស្មោះត្រង់ក្នុងកិច្ចសហប្រតិបត្តិការ។

ឯកឧត្តមរដ្ឋលេខាធិការ បានពន្យល់ថា យោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីចូលរួមសកម្មភាពក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ គឺចាំបាច់ទាំងសហគមន៍តំបន់ការពារធម្មជាតិ និងរូបវ័ន្តបុគ្គល ឬនីតិបុគ្គល ត្រូវមានកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថានជាមុនសិន មិនមែនចង់ធ្វើអ្វីស្រេចតែអំពើចិត្តនោះឡើយ។ បច្ចុប្បន្ន សមាគម និងអង្គការមិនមានរដ្ឋាភិបាលទាំងជាតិ និងអន្តរជាតិដែលកំពុងចូលរួមជាមួយក្រសួងបរិស្ថាបសុទ្ធតែមានកិច្ចព្រមព្រៀងនិងមានការចុះអនុស្សរណៈត្រឹមត្រូវ។

កន្លងទៅនេះ ក្រសួងបរិស្ថានសង្កេតឃើញថា ក្រុមបណ្តាញសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូចដែលខ្លះ ថែមទាំងមិនទាន់បានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បាននិងកំពុងលួចធ្វើសកម្មភាពបែបអនាធិបតេយ្យនៅក្នុងតំបន់ការពារធម្មជាតិ ដោយមិនព្រមសហការជាមួយក្រសួងមានសមត្ថកិច្ច និងបានធ្វើសកម្មភាពបំពានច្បាប់ជាធរមាន។ នេះជាការកត់សម្គាល់របស់ឯកឧត្តមរដ្ឋលេខាធិការ។

ឯកឧត្តមគូសបញ្ជាក់ថា «ពួកគេមួយចំនួនជាសកម្មជននយោបាយសុទ្ធសាធ ដែលលួចធ្វើសកម្មភាពជ្រកក្រោមស្លាកអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិដើម្បីទាក់ទាញការចាប់អារម្មណ៍ និងការគាំទ្ រនិងបម្រើឱ្យរបៀបវារៈនយោបាយទុច្ចរិត។ ការធ្វើយុទ្ធនាការ និងសកម្មភាពនានារបស់ក្រុមចលនាខុសច្បាប់ដោយប្រើប្រាស់ហិរញ្ញប្បទានខុសច្បាប់ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ គឺជាការអនុវត្តផែនការចាស់ ក្នុងចេតនាទុច្ចរិត បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ និងបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ធនធានធម្មជាតិ និងគោលដៅចុងក្រោយព្យាយាមក្នុងការធ្វើវិទ្ធង្សនាប្រឆាំងកម្ពុជា បម្រើផលប្រយោជន៍ភូមិសាស្ត្រ នយោបាយប៉ុណ្ណោះ។ ពួកគេពិតជាពូកែសម្តែងធ្វើជាអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិតែធាតុពិតជាការយកបរិស្ថាន និងធនធានធម្មជាតិធ្វើនយោបាយតូបនីយកម្ម និងយកធ្វើជាចំណាប់ខ្មាំងដើម្បីចិញ្ចឹមទំនាស់ និងចិញ្ចឹមចលនារបស់ខ្លួនតែប៉ុណ្ណោះ។

ឯកឧត្តម បានថ្លែងថាពួកគេមិនអនុវត្តតាមច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលបាននិងកំពុងធ្វើសកម្មភាពបច្ចុប្បន្នខ្លះមិនបានចុះបញ្ជីត្រឹមត្រូវ ធ្វើសកម្មភាពមិនស្របច្បាប់ ដើម្បីបង្កើតមុខរបរសម្រាប់ក្រុម និងបក្ខពួកខ្លួន បែរជាមកតាំងខ្លួនជាអ្នកការពារព្រៃឈើទៅវិញ។ ក្រុមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតែងតែទាមទារឱ្យមានការគោរពច្បាប់ឱ្យបានពេញលេញ ប៉ុន្តែសង្គមស៊ីវិលទាំងនោះត្រូវចោទសួរខ្លួនឯងថា តើពួកគេបានអនុវត្ត និងបានបំពេញគ្រប់តាមលក្ខខណ្ឌនៃច្បាប់កម្ពុជាដែរឬទេ? ហើយតើពួកគេទទួលបានថវិកាពីណាមកធ្វើសកម្មភាព?។

ឯកឧត្តមបានស្នើដល់ប្រទេសម្ចាស់ជំនួយមួយចំនួនគួរធ្វើការងារ និងគាំទ្រចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលណាដែលគោរពច្បាប់ត្រឹមត្រូវ និងមានរបៀបវារៈច្បាស់លាស់ក្នុងការជួយលើវិស័យបរិស្ថាន និងធនធានធម្មជាតិ នោះទើបជាការជួយវិស័យនេះពិតប្រាកដ។ ក្រសួងបរិស្ថានគ្មានផលប្រយោជន៍អ្វីទៅប្រឆាំងនឹងអ្នកស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិឡើយ ប៉ុន្តែតម្រូវឱ្យទាំងអស់គ្នាគោរពច្បាប់ជាធរមាន និងធ្វើសកម្មភាពស្របតាមច្បាប់កំណត់ ប្រកបដោយការទទួលខុសត្រូវ និងដោយក្តីស្មោះត្រង់ក្នុងភាពជាដៃគូ បម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាពិតប្រាកដ និងដើម្បីរួមកម្លាំងគ្នាថែរក្សាធនធានធម្មជាតិកម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

ឯកឧត្តមបានសម្តែងការសោកស្តាយដែលក្រុមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន បាននិងកំពុងចាញ់ក្នុងឧបាយកលនៃម្ចាស់ជំនួយរបស់ខ្លួន និងធ្វើសកម្មភាពប្រឆាំងនឹងជាតិខ្លួនឯង និងមើលឃើញជាតិក្នុងផ្លូវអវិជ្ជមានជានិច្ច។

ឯកឧត្តមរដ្ឋ នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែមថា អ្នកប្រព្រឹត្តបទល្មើសត្រូវប្រឈមមុខច្បាប់ជាធរមានទោះអ្នកនោះ ជាអ្នកកាប់បំផ្លាញឈើ ទន្ទ្រានដី បរបាញ់សត្វ ឬក្រុមសកម្មជននយោបាយជ្រកក្រោមស្លាកអ្នកការពារព្រៃឈើក៏ដោយ ឱ្យតែប្រព្រឹត្តបទល្មើស ធ្វើសកម្មភាពដោយរំលោភបំពានច្បាប់ ធ្វើសកម្មភាពដោយគ្មានចុះកិច្ចព្រមព្រៀងស្តីពី ការចូលរួមគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិរវាងរដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិនៃក្រសួងបរិស្ថាន ដែលបានកំណត់នៅក្នុងច្បាប់ស្តីពីតំបន់ការពារធម្មជាតិដែលមានជាធរមាន។ប្រសិនបើបន្តប្រព្រឹត្តល្មើសនោះ ក្រសួងបរិស្ថានគ្មានជម្រើសអ្វីក្រៅពីអនុវត្តតាមច្បាប់ដែលមានជាធរមាននោះឡើយ។

បញ្ជាក់បន្ថែមលើចំណុចខាងដើម ឯកឧត្តមរដ្ឋ នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា នេះមិនមែនជាការរឹតត្បិតសិទ្ធិសេរីភាពជនណាម្នាក់ ឬក្រុមណាមួយឡើយ ប៉ុន្តែជាការពង្រឹងការអនុវត្តច្បាប់ដោយគ្មានការលើកលែង ហើយក្រុមអង្គការសង្គមស៊ីវិលគួរលើកតម្កើងការអនុវត្តច្បាប់ជាជាងប្រើការតស៊ូមតិក្លែងក្លាយ និងយកបញ្ហាបរិស្ថាន និងធនធានធម្មជាតិមកធ្វើអាជីវកម្មនយោបាយ និងតម្រូវចិត្តម្ចាស់ជំនួយខ្លួន។ កម្ពុជាគោរពសិទ្ធិមនុស្ស និងមានលំហសេរីភាព និងប្រជាធិបតេយ្យពេញលេញស្ថិតក្រោមដំបូលច្បាប់ តែមិនមែនជាសេរីភាព និងប្រជាធិបតេយ្យបែបអនាធិបតេយ្យដែលសមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនចង់បានឡើយ៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner