ហោរាសាស្រ្តប្រចាំថ្ងៃ១១កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១

ឆ្នាំជូត  សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។​ កិច្ចការងារនានារបស់អ្នកពឹងផ្អែកទាំងស្រុងលើគម្រោងផែនការ ដូច្នេះបើគ្មានគម្រោងច្បាស់លាស់ទេអាជីពការងាររបស់អ្នកអាចបង្ករអស្ថេរភាព យ៉ាងខ្លាំងដែរ។ ក្នុងនោះដែរ សូមប្រកាន់គំនិតសុទិដ្ឋិនិយម ហើយរស់នៅដោយការប្រុងប្រយ័ត្នខ្ពស់។ ចំពោះការនិយាយចរចារឿងគ្មានប្រយោជន៍ គួរជៀសវាងដាច់ខាត។​ ដោយឡែកក្នុងអនាគតដ៏ខ្លីនេះ អ្នកអាចនឹងទទួលបានផលតាមបំណងប្រាថ្នា ហើយមានស្ថេរភាពយូរអង្វែង។

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងសេចក្តីប៉ងប្រាថ្នារបស់អ្នកនឹងទទួលបានជោគជ័យ។ ដោយឡែក ថ្ងៃនេះមានអំណោយផលដល់ការដោះស្រាយបញ្ហាធំតូចយ៉ាងងាយស្រួលផងដែរ។​ ប្រសិនបើអ្នកមានលទ្ធភាពបោះទុន ក៏ដូចជាការលក់ចេញទិញចូលចលន និងអចលនទ្រព្យ គឺនឹងទទួលបានផលចំនេញច្រើនលើសពីការរំពឹងទុក។ ដោយឡែក អ្នកគួរប្រយ័ត្នកំហុសដែលនឹងអាចកើតមានទាក់ទងនឹងឯកសារ ជាមួយដៃគូការងារ និងពាណិជ្ជកម្ម។ 

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរមានដំណើរការល្អជាប្រក្រតី។ រាសីថ្ងៃនេះហាមប្រាមមិនឲ្យធ្វើការហួសកំរិត។ សក្តានុពលនៃថាមពលរបស់អ្នកខ្ពស់ ប៉ុន្តែសូមសន្សំកម្លាំងទើបជាការល្អប្រសើរជាង។ លើសពីនេះ សូមកុំបង្កើតសកម្មភាពច្រើន ឬធំដុំ ប្រសិនបើអ្នកមានអារម្មណ៍អស់កំលាំង ប្រយ័ត្នកាន់តែមានភាពស្មុគ្រស្មាញ។ ចំពោះហិរញ្ញវត្ថុ សូមគិតគូរឲ្យបានម៉ត់ចត់ ពីព្រោះថ្ងៃនេះមិនមែនជាពេលវេលាល្អបញ្ចេញលុយកាក់នោះទេ។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើទំនាក់ទំនងសោះឡើយ ពិសេសជាមួយថ្នាក់លើ។ ចំពោះការពិភាក្សាទាក់ទងអាជីវកម្ម និងការងារ ពិសេសទាក់ទងនឹងប្រាក់ឈ្នួលគឺពិបាកនឹងអាចសម្រេចទៅបានណាស់។ ប៉ុន្តែអ្នកអាចកែប្រែស្ថានភាពបាន ប្រសិនបើអ្នកព្យាយាមឲ្យអស់ពីលទ្ធភាព និងរក្សាអាកប្បកិរិយាល្អជាមួយមនុស្សនៅជុំវិញខ្លួន។ ស្របពេលនេះដែរ សូមកុំបង្ហាញការងារ ឬគំនិតរបស់អ្នកច្រើនពេកទៅកាន់មិត្តរួមការងារ គួរតែរងចាំពេលសិន។

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនឹងអាចសម្រេចផលជាទីគាប់ចិត្ត។ កំរិតនៃលាភសំណាងក្នុងថ្ងៃនេះឡើងខ្ពស់ណាស់ ដូច្នេះសូមព្យាយាមគ្រប់គ្រងស្ថានការនានា ហើយឆ្លើយតបដោយសុទិដ្ឋិនិយម។ ផ្ទុយទៅវិញ ចំពោះបញ្ហាដែលមិនទាក់ទងការងារគួរកុំយកចិត្តទុកដាក់ កុំចំណាយពេលឥតប្រយោជន៍ និងកុំធ្វើឲ្យស្ថានភាពរបស់ខ្លួនជំពាក់នឹងបញ្ហា។ លើសពីនេះ អ្នកអាចទទួលអារម្មណ៍ប្រែប្រួល ដូច្នេះកុំធ្វើអ្វីដែលខ្លួនមិនច្បាស់ ឬសុំការពិភាក្សាទើបមានសុវត្ថិភាពជាង។

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកស្រុតចុះ។  កិច្ចការងារ និងការរំពឹងទាំងឡាយមិនទាន់អាចសម្រេចផលក្នុងពេលនេះទេ លើសពីនេះបញ្ហាតូចតាចជាច្រើនកំពុងតែធ្វើឲ្យអ្នកខ្វល់ខ្វាយ និងពិបាករកផ្លូវដោះស្រាយ។ ក្នុងពេលនេះគួរកុំអនុវត្តសកម្មភាពការងារដោយឯកឯង ពីព្រោះភាពខ្វះចន្លោះមានច្រើន ឯកំហុសដែលកើតឡើងក៏ពិបាកដោះស្រាយ។ ក្រៅពីនេះសូមចងចាំថា គួរធ្វើការសម្រេចចិត្តដោយផ្អែកលើពត៌មានពិតប្រាកដ និងគ្រប់ជ្រុងជ្រោយ។ ដោយឡែក ប្រយ័ត្នមានគ្រោះ តាមរយៈការធ្វើដំណើរផ្លូវឆ្ងាយ។

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់អ្នកមានដំណើរការទៅយ៉ាងល្អប្រសើរ ហើយអ្នកនឹងរំពឹងថាទទួលបានភាពជោគជ័យធំ ឬដែលនឹងទទួលផលចំណេញច្រើននៅរវាងពេលព្រឹក។ ទន្ទឹមនឹងនេះ លោកអ្នកអាចទទួលដំណឹងនៃការផ្លាស់ប្តូរការងារដែលមិនរំពឹងទុក ប៉ុន្តែមិនបាច់ត្រូវព្រួយបារម្ភទេ ពីព្រោះការផ្លាស់ប្តូរទាំងនោះមិនរំខានការងារអ្នកទេ តែសុទ្ធជារឿងប្រសើរទៅវិញ។ អាស្រ័យហេតុនេះ សូមកុំស្ទាក់ស្ទើរក្នុងការបង្ហាញគំនិតរបស់ខ្លួន ឬដាក់ចេញនូវគម្រោងផែនការដែលអ្នកបានរៀបចំ។

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងពេលនេះល្អជាមធ្យម។ ការងារនានានឹងដំណើរការទៅជាធម្មតា ប៉ុន្តែបញ្ហាតូចតាចមួយចំនួនក៏កើតឡើងផងដែរ។​ អ្នកមិនចាំបាច់ត្រូវបារម្ភច្រើននោះទេ ពីព្រោះអ្វីៗដោះស្រាយបាន។ ចំណុចដែលគួរជៀសវាង គឺការសង្ស័យច្រើន។ គួរសំគាល់ថា បើទោះអ្វីៗស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានក្តី អ្នកគួរគិតគូរពីការកែទម្រង់ផែនការការងារ ទើបកាន់តែប្រសើរ។ សម្រាប់ការធើ្វទំនាក់ទំនង ប្រហែលជាមិនទាន់ទទួលបានផលល្អទេ ដូច្នេះមិនចាំបាច់រំពឹងខ្លាំងពេកទេ។

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។​ គួរកុំខ្លាចការវិនិយោគលុយនៅក្នុងអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់ ធ្វើការងារ ឬសម្រេចចិត្តឲ្យបានសមហេតុផល។ អ្វីដែលសំខាន់បំផុត រាសីថ្ងៃនេះសូមឲ្យអ្នកកុំចុះចាញ់នឹងភាពអស់សង្ឃឹម ឬបរាជ័យតិចតួច ដោយរួមទាំងបញ្ហាខ្លះជាមួយថ្នាក់លើក្តី។ កុំមានការបារម្ភសោះឡើយ ពីព្រោះអ្នកនឹងអាចរួចផុតពីការធ្វើការជ្រើសរើសដ៏លំបាកៗ និងស្ថានភាពស្មុគ្រស្មាញ ដោយសារមនុស្សដែលនៅក្បែរលោកអ្នក​នឹងជួយយកអាសារណាស់។

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់អ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកកុំបោះបង់ផែនការរបស់អ្នកក្នុងការស្វែងរកការងារថ្មី ឬផ្លាស់ប្តូរវិសាលភាពនៃសកម្មភាពអាជីព។ ថ្ងៃនេះអ្នកអាចប្រឈមនឹងបញ្ហាតិចតួច ប៉ុន្តែប្រសិនបើអ្នកដោះស្រាយបញ្ហានេះដោយភាពម៉ត់ចត់ និងទំនួលខុសត្រូវ នោះភាពជោគជ័យនឹងទទួលបានយ៉ាងងាយស្រួល។ ក្រៅពីនេះ សូមកុំរស់នៅដោយភាពអវិជ្ជមានដាច់ខាត ហើយប្រសិនបើអាចធ្វើបាន នោះអ្នកនឹងទទួលបានសំណាងជាប្រាកដណាស់។

ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទ្រព្យសំណាងហូរចូលជាច្រើន​ពីមនុស្សជាទីស្រលាញ់។ សម្រាប់អ្នករកស៊ី សូមកុំខ្លាចក្នុងការចាប់យកឳកាសថ្មី ព្រោះសញ្ញាណសេដ្ឋកិច្ចរបស់អ្នកឡើងខ្ពស់ណាស់។ ដោយឡែក ចំពោះបញ្ហា និងជម្លោះនឹងមិនកើតឡើងទេក្នុងពេលនេះ ដូច្នេះសូមមានភាពរីករាយ និងចំណាយពេលសម្រាកតាមលទ្ធភាព។ ទន្ទឹមនឹងនេះអ្នកអាចប្រារព្វពីធីមង្គលទាំងឡាយបាន ហើយព្រមទាំងអាចកើតលាភសំណាងទៀតផង។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងៃនេះផ្តល់ឲ្យអ្នកនូវលទ្ធភាពសម្រេចការងារដោយជោគជ័យ។ ទន្ទឹមនឹងនោះដែរ ក៏សូមមានការប្រុងប្រយ័ត្ន ពីព្រោះភាពជោគជ័យនេះហាក់ស្ថិតក្នុងទីតាំងដែលមិនមានភាពប្រាកដប្រជាប៉ុន្មានទេ។ សូមអ្នកព្យាយាមមក្តោបក្តាប់ស្ថានការណ៍ ក៏ដូចជាពត៌មានលំអិតឲ្យបានច្រើន ហើយត្រៀមខ្លួនជានិច្ចនឹងឆ្លើយតបឲ្យទាន់ពេលវេលា។​ ដោយឡែក ប្រសិនបើអ្នកកែប្រែស្ថានភាពតុបតែងខ្លួនបន្តិច កាន់តែប្រសើរ។

សំគាល់៖

ឆ្នាំទាំង៥ ឆ្លូវ រោង មមី វក ចរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមាស ប្រាក់ តំណែងការងារ និងភាពរីករាយទាំងឡាយនឹងជារបស់អ្នក។ កិច្ចការងារនានាទទួលបានតែភាពចម្រើនលូតលាស់ និងបញ្ជៀសបានបញ្ហា។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner