ក្រសួងសុខាភិបាល ប្រកាសរកឃើញវីរុសកូវីដ១៩ បម្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន០៧ករណី លើអ្នកដំណើរចូលមក កម្ពុជា (មានីដេអូ)

អត្ថបទដោយ៖
ជា សេឌី

Video https://fb.watch/6dlRvn9vuz/

ក្រសួងសុខាភិបាល ប្រកាសរកឃើញវីរុសកូវីដ១៩ បម្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន០៧ករណី លើអ្នកដំណើរចូលមកកម្ពុជា

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញវីរុសកូវីដ១៩ បម្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន០៧ករណី លើអ្នកដំណើរចូលមកកម្ពុជា។

ក្រសួងសុខាភិបាលបានឲ្យដឹងថា យោងតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបម្លែងថ្មី ប្រភេទ B.1.617-2 (Delta) ចំនួន០៧នាក់ ដែលជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនកម្ពុជា-ថៃ ដែលមានដូចតទៅ៖

១៖ ខេត្តបន្ទាយមានជ័យ (ចំនួន ០១នាក់)៖

* ស្ត្រីជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានទីលំនៅ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាពលករមកពីប្រទេសថៃ (ខេត្តឈុនបូរី) ត្រឡប់ចូលកម្ពុជា តាមច្រកព្រំដែនអូរបីជាន់ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បច្ចុប្បន្ន កំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពប៉ោយប៉ែត ដោយដាក់ឲ្យនៅដាច់ដោយឡែកតែម្នាក់ឯង។

២៖ ខេត្តឧត្តរមានជ័យ (ចំនួន០២នាក់)៖

* បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ មានស្រុកកំណើត នៅស្រុកចិត្របូរី ខេត្តក្រចេះ ។ បុរសរូបនេះ បានចូលមកកម្ពុជា តាមច្រកអូរស្មាច់ ហើយបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

* បុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានស្រុកកំណើត នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ។ បុរសរូបនេះបានចូលមកកម្ពុជា បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

៣៖ ខេត្តសៀមរាប (ចំនួន ០២នាក់)៖

* ស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានអាស័យដ្ឋាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រឡប់មកពីប្រទេសថៃ ។

* ស្ត្រីជនជាតិខ្មែរអាយុ ៣១ឆ្នាំ មានទីលំនៅស្រុកក្រឡាញ់ ខេត្តសៀមរាប ។ បច្ចុប្បន្នអ្នកជំងឺទាំងពីរនាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។

៤៖ ខេត្តកំពង់ចាម (ចំនួន ០១នាក់) ៖

* បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ មានអាស័យដ្ឋាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចូលមកប្រទេសកម្ពុជា តាមច្រកអូរស្មាច់ ខេត្តឧត្តមានជ័យ ។ បច្ចុប្បន្ន កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម។

៥៖ ខេត្តកំពត (ចំនួន ០១នាក់)៖

* ស្ត្រីជនជាតិខ្មែរ អាយុ ១៩ឆ្នាំ មានទីលំនៅ ក្រុង-ខេត្តកំពត មកប្រទេស ។ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត តាំងពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលសង្កត់ធ្ងន់ថា ដោយយោងតាមលទ្ធផលនៃការរកឃើញវីរុសកូវីដ១៩ បម្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន០៧ករណីនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ រីឯបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ ការធ្វើចត្តាឡីស័កឱ្យគ្រប់ចំនួន១៤ថ្ងៃ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នា នៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner