វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១លានដូស ដែរបញ្ជាទិញពីប្រទេសចិន បានដឹកមកដល់កម្ពុជាហើយ(មានវីដេអូ)

អត្ថបទដោយ៖
ជា សេឌី

Video https://fb.watch/6dlElEabUR/

វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១លានដូសទៀត  បានដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ ។ វ៉ាក់សាំងចំនួន១លានដូសបន្ថែមទៀតនេះ នឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការជួយការពារសុខភាពប្រជាពលរដ្ឋកម្ពុជាពីការរាតត្បាតជំងឺកូវីដ១៩។

បើតាមការបញ្ជាក់ពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា វ៉ាក់សាំងចំនួន១លានដូស ដែលដឹកមកដល់កម្ពុជា គឺជាវ៉ាក់សាំងដែលរាជរដ្ឋាភិបាលបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់របស់ប្រទេសចិន។

ជាងមួយឆ្នាំហើយ ដែលជំងឺកូវីដ១៩ បានរាតត្បាតនៅលើពិភពលោក។ ជាងមួយឆ្នាំនេះកម្ពុជាបានរកឃើញមនុស្ស ៤១,៥៨១នាក់ កើតជំងឺកូវីដ១៩ ហើយ ៣៩៤នាក់ បានស្លាប់បាត់បង់ជីវិត។ មកដល់ពេលនេះ វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀត ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្ស ពីការវាយប្រហារដោយជំងឺនេះ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

វត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ១៩។​

រដ្ឋាភិបាលចិន ធ្លាប់បានប្រកាសបង្ហាញនូវជំហរមុតមាំរបស់ខ្លួនជួយកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ រហូតទទួលបានជោគជ័យ។ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ធ្លាប់បានគូសបញ្ជាក់ថា ចិន និងកម្ពុជាជាបងប្អូនល្អនឹងគ្នា ដែលប្រៀបដូចដៃ និងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅវិញទៅមក។ ដរាបណាជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។

លោកជំទាវ យក់ សម្បត្តិ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ បើតាមលោកជំទាវ វ៉ាក់សាំងទាំងនេះ កម្ពុជាបានចាត់ចែង និងបញ្ជាទិញរួចរាល់ផងដែរ។

ប្រជាពលរដ្ឋបានជ្រូតជ្រាបច្បាប់ពីគុណតម្លៃវ៉ាក់សាំង ក្នុងការការពារសុខភាពរបស់ពួកគេពីជំងឺកូវីដ១៩។ ពួកគេបានបង្ហាញការដឹងគុណ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា។

សូមបញ្ជាក់ថា វ៉ាក់សាំងដែលកម្ពុជាទទួលបាននាពេលកន្លងមករួមមាន៖ សាំងស៊ីណូហ្វាមជំនួយរបស់ចិន ៣.២លានដូស, វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ ៣២៤,០០០ដូស និងវ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ៤.៥លានដូស៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner