ទិវាយោគៈ អន្តរជាតិ នាថ្ងៃទី២១ ខែមិថុនាខាងមុខនេះ ធ្វើឡើងក្រោមប្រធានបទ ហាត់យោគៈនៅផ្ទះ

ទិវាយោគៈអន្តរជាតិ គ្រោងនឹងប្រារព្ធនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ដោយធ្វើឡើងក្រោមប្រធានបទ ហាត់យោគៈនៅផ្ទះ នេះតាមការបញ្ជាក់ពីលោកជំទាវ ដេវយ៉ានី ខុប្រាហ្គឺដេ អគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងបទសម្ភាសន៍ កម្មវិធី អប្សរា វិថីកីឡា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅស្ថានទូតឥណ្ឌា ។


លោកជំទាវ ដេវយ៉ានី ខុប្រាហ្គឺដេ បានបញ្ជាក់បន្ថែមថា យោគៈជាកីឡា អនុវត្តផ្នែកស្មារតី និងរាងកាយ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាច្រើន ដោយមនុស្សរាប់លាននាក់ក្នុងពិភពលោក ហើយយោគៈត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូជាបេតិកភ័ណ្ឌវប្បធម៌អរូបិយ ។ លោកជំទាវអគ្គរដ្ឋទូត បន្តថា ពាក្យ «យោគៈ»មានប្រភព នៅក្នុងភាសាស័ង្កក្រឹត្យបុរាណ និងមានន័យថា «ភ្ជាប់ ចូលរួម ទាញយក និងចងទឹម» ។

យោគៈ លក្ខណៈអនុវត្តផ្នែកស្មារតី ត្រូវបានធ្វើឲ្យមានប្រជាប្រិយភាពនាពេលឥឡូវនេះ ជាមួយនឹងវិធីសាស្រ្តបែបកីឡាជាងមុន និងប្រើចលនាកម្លាំងខ្លាំងជាងមុន ហើយត្រូវបានអភិវឌ្ឍ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងទសវត្សរ៍ឆ្នាំ១៩៩០ ។ លោកជំទាវ បន្តថា នៅជុំវិញពិភពលោកបច្ចុប្បន្ននេះ ចំនួនអ្នកហាត់ហោគៈនឹងអាចកើនឡើងដល់ប្រមាណ ៣០០លាននាក់ នឹងមាន១៩០ប្រទេស ។


ការសិក្សាស្រាវជ្រាវបានបង្ហាញអំពីអត្ថប្រយោជន៍របស់យោគៈ សម្រាប់ការដោះស្រាយបញ្ហាអន្ទះអន្ទែងក្នុងអារម្មណ៍ ការធ្លាក់ទឹកចិត្ត និងការដេកមិនលក់ ។ ការធ្វើយោគៈត្រូវបានចាត់ទុកថា មានប្រសិទ្ធភាពជាងសកម្មភាពរាងកាយសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពតិចជាងការព្យាបាល ដោយចិត្តវិទ្យា ។


គួរបញ្ជាក់ថា យោគៈ ត្រូវបានអង្គការយូណេស្កូ ចូលជាបេតិកភ័ណ្ឌវប្បធម៌អរូបិយ ក្នុងឆ្នាំ២០១៦ ជាការទទួលស្គាល់អំពីឥទ្ធិពលរបស់វាទៅលើសង្គមឥណ្ឌា «តាំងពីផ្នែកសុខភាព វេជ្ជសាស្រ្ត រហូតដល់ការអប់រំ និងសិល្បៈ» ។ អង្គការយូណេស្កូ បានថ្លែងថា «ដោយត្រូវបានរៀបចំឡើងដើម្បីជួយបុគ្គលឲ្យកសាងការទទួលស្គាល់ខ្លួនឯង បន្ធូលបន្ថយការឈឺចាប់ណាមួយ ដែលបុគ្គលទាំងនោះកំពុងជួបប្រទះ និងធ្វើឲ្យមានសេរីភាពអារម្មណ៍ (យោគៈ) គឺត្រូវបានអនុវត្តដោយមនុស្សវ័យក្មេង និងមនុស្សចាស់ ដោយមិនមានការរើសអើងអំពីយេនឌ័រ វណ្ណៈ ឬសាសនា» ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner