សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ ដែលសម្តេចសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានរម្លឹកថា ថ្ងៃទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា១៩៧៧-២០ មិថុនា ២០២១)នៃថ្ងៃដែល សម្តេចសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ 

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកថា ថ្ងៃទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០មិថុនា ២០២១)នៃថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ 

សម្តេចតេជោ បានបញ្ជាក់ថា “ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺន រាប់សែន ដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយា ដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។ ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពតបានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូត សព្វថ្ងៃនេះ។ ខ្ញុំធ្លាប់បានរៀបរាប់ពីប្រវត្តិដ៏ឈឺចាប់នេះច្រើនដងហើយ តែខ្ញុំមិនទាន់បានបញ្ចេញនូវចម្ងល់ក្នុងចិត្តខ្ញុំទាក់ទងជាមួយប្រវត្តិនេះដែលតាំងជាសំនួរថា ប្រសិនបើខ្ញុំមិនសម្រេចចិត្តដឹកនាំការតស៊ូដោយចាប់ផ្តើមពីថ្ងៃ២០ មិថុនា ១៩៧៧ ទេតើពេលនោះពួក ប៉ុល ពតសម្លាប់ខ្ញុំនៅឯណា? ដោយវិធីណា?។ សំនួរបន្ទាប់តើមានអ្នកស្នេហាជាតិណាផ្សេងទៀតបង្កើតឡើងនូវកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គាះជាតិជំនួសខ្ញុំដែរឬទេ? តើដំណើរឆ្ពោះមករំដោះប្រទេសពីរបប ប៉ុល ពត កើតមានឡើងបានដោយរបៀបណា? តើមានដំណោះស្រាយតាមរយៈការចចារ និងកិច្ចព្រមព្រៀងប៉ារីសឬទេ? និងចុងក្រោយតើមាននយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមនាំមកនូវសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃឬទេ?”។

សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា “សំនួរសង្ខេបទាំងនេះ តែងបង្កប់ក្នុងខួរក្បាលខ្ញុំជានិច្ច ហើយខ្ញុំក៏មិនអាចឆ្លើយជាមួយសំនួរនេះដោយខ្លួនឯងបានដែរ ខ្ញុំទុកជូនបងប្អូនជនរួមជាតិមេត្តាជួយរកចម្លើយ”។

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នេះ គឺជាខួបលើកទី ៤៤ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត  ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជាបានយកជីវិតទៅធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិសង្គ្រោះអាយុជីវិត​ប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះតំណាង​ដ៏ខ្ពង់ខ្ពស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីក្នុង​ពិធី​ប្រារព្ធខួបលើកទី ៤៤ឆ្នាំ (២០ មិថុនា១៩៧៧-២០ មិថុនា ២០២១) ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅព្រឹកថ្ងៃទី២០ ខែ​មិថុនាឆ្នាំ២០២១ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

(ពាក្យថា X16 គឺជាពាក្យកាត់ដែលខាងវៀតណាមបានកំណត់សំគាល់ច្រករបស់គេក្នុងព្រំប្រទល់គេនិងស្រុកមេមត់ខេត្តត្បូងឃ្មុំ)

សូមជម្រាបថា ថ្ងៃទី២០ មិថុនា ១៩៧៧ កម្ពុជាស្ថិតក្រោមការគ្រប់គ្រង់របស់របបកម្ពុជាប្រជាធិបតេយ្យ ឬរបបវាលពិឃាត ឬរបបប្រល័យពូជសាសន៍បានកាប់សម្លាប់​ប្រជជាជនកម្ពុជាយ៉ាងឃោរឃៅបំផុត។ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀតបានយកជីវិតទៅធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិត​ប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ដែលដឹកនាំដោយបន ប៉ុល ពត ។

ដំណើរឆ្ពោះទៅមាគ៌ាសង្គ្រោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបាន​ឆ្លង​ពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម។ការប្រារព្ធខួបលើកទី ៤៤ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ​ គឺអាយុជីវិតរបស់ជាតិទាំងមូលពីព្រោះបើអត់មានថ្ងៃទី២០ មិថុនា ១៩៧៧ អត់មាន​យកជីវិត​ធ្វើដើម​ទុនរបស់សម្តេចតេជោ ហ៊ុន សែន ទេ ក៏អត់មានដែរថ្ងៃ ២ ធ្នូ , អត់មានទេថ្ងៃ ៧ មករា , ហើយវាអត់មានទេថ្ងៃទី២៩ ធ្នូ ១៩៩៨។

ការប្រារព្ធពិធីនេះ គឺដើម្បីជាការដឹងគុណ ក្នុងគោលដៅដើម្បីគោរពវិញ្ញាណក្ខន្ធ​ប្រជាជនកម្ពុជា​ដែល​ទទួល​រង​គ្រោះបាត់បង់​អាយុជីវិតដោយ​អយុត្តិធម៌ ការ​កាប់សម្លាប់ បង្អត់អាហារ ការឈឺគ្មាន​ថ្នាំព្យាបាល គោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី ប្រជាជនកម្ពុជាដែលស្នេហាជាតិ ក្លាហាន ស្ម័គ្រចិត្តក្រោកឡើងចូល​រួម​ជាមួយសម្តេចតេជោ ហ៊ុន សែន និងគណបក្ស​បប្រជាជនកម្ពុជា បានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត៕ 

ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner