សម្ដេចតេជោ ហ៊ុន សែន រំលឹកថា ថ្ងៃនេះ ជាខួបលើកទី៤៤ឆ្នាំ ដែលសម្ដេចសម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

អត្ថបទដោយ៖
ជា សេឌី


ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ថ្ងៃនេះ ជាខួបលើកទី៤៤ឆ្នាំ ដែលសម្ដេចសម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

សម្ដេចបានបញ្ជាក់ដូច្នេះថា៖ ថ្ងៃទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១) នៃថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺន រាប់សែន ដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយា ដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។

សម្ដេចតេជោ បន្តថា៖ ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូត សព្វថ្ងៃនេះ។

សម្ដេច បានបន្ថែមថា ខ្ញុំធ្លាប់បានរៀបរាប់ពីប្រវត្តិដ៏ឈឺចាប់នេះច្រើនដងហើយ តែខ្ញុំមិនទាន់បានបញ្ចេញនូវចម្ងល់ក្នុងចិត្តខ្ញុំទាក់ទងជាមួយប្រវត្តិនេះ ដែលតាំងជាសំនួរថា ប្រសិនបើខ្ញុំមិនសម្រេចចិត្តដឹកនាំការតស៊ូដោយចាប់ផ្តើមពីថ្ងៃ២០ មិថុនា ១៩៧៧ ទេតើពេលនោះពួក ប៉ុល ពត សម្លាប់ខ្ញុំនៅឯណា? ដោយវិធីណា?។ សំនួរបន្ទាប់តើមានអ្នកស្នេហាជាតិណាផ្សេងទៀតបង្កើតឡើងនូវកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គាះជាតិជំនួសខ្ញុំដែរឬទេ? តើដំណើរឆ្ពោះមករំដោះប្រទេសពីរបប ប៉ុល ពត កើតមានឡើងបានដោយរបៀបណា? តើមានដំណោះស្រាយតាមរយៈការចចារ និងកិច្ចព្រមព្រៀងប៉ារីសឬទេ? និងចុងក្រោយតើមាននយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមនាំមកនូវសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃឬទេ?

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុកទុំតថា៖ សំនួរសង្ខេបទាំងនេះ តែងបង្កប់ក្នុងខួរក្បាលខ្ញុំជានិច្ច ហើយខ្ញុំក៏មិនអាចឆ្លើយជា មួយសំនួរនេះដោយខ្លួនឯងបានដែរ ខ្ញុំទុកជូនបងប្អូនជនរួមជាតិមេត្តាជួយរកចម្លើយ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner