ឯកអគ្គរដ្ឋទូតឥណ្ឌាថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាគាំទ្រនូវព្រឹត្តិការណ៍យោគៈអន្តរជាតិ

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធនានាដែលតែងតែគាំទ្រនូវព្រឹត្តិការណ៍យោគៈអន្តរជាតិនាពេលកន្លងមក និងបានអំពាវនាវឱ្យប្រជាជនចូលរួមហាត់យោគៈពីផ្ទះ ក្រោមពាក្យស្លោកថា“យោគៈនឹងនៅផ្ទះ”។ ឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានសម្តែងនូវការរីករាយដែលយោគៈមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសកម្ពុជា។

ការថ្លែងរបស់លោកជំទាវវេជ្ជបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានធ្វើឡើងនៅក្នុងពិធីប្រារព្ធទិវាយោគៈអន្តរជាតិលើកទី៧ ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះ នៅសណ្ឋាគារ សូហ្វីតែល ដោយមានការចូលរួមពីតំណាងស្ថានទូត និងឯកអគ្គរដ្ឋទូតមួយចំនួននៅកម្ពុជារួមទាំងស្ថាប័នពាក់ព័ន្ធផងដែរ។ ការប្រារព្ធពិធីយោគៈនៅឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយមានចំនួនអ្នកចូលរួមតិចតួច ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ដោយគោរពតាមបទដ្ឋានគំលាតសង្គម និងអនាម័យជាដើម។

ទោះយ៉ាងណា ក៏ដោយការចូលរួមរបស់អ្នកចូលចិត្តយោគៈ និងសាធារណៈជនអាចចូលរួមពីគេហដ្ឋានរៀងៗខ្លួនតាមរយៈសកម្មភាពតាមអនឡាញ ដូចជា វគ្គបង្រៀនយោគៈអនឡាញសំណួរចម្លើយស្តីពីយោគៈសិក្ខាសាលាយោគៈ។ល។ ការប្រកួតប្រជែងលើរូបភាពហាត់យោគៈដែលធ្វើឡើងដោយស្ថានទូត។

ដោយសារតែគោលការណ៍នៃប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបានកំណត់ការជួបជុំមនុស្សមិនឲ្យលើសពី១៥នាក់ឡើយ ដូច្នេះហើយការប្រារព្ធទិវាយោគៈអន្តរជាតិឆ្នាំ២០២១ ត្រូវរៀបចំឡើងនៅតែទី ក្រុងភ្នំពេញតែប៉ុណ្ណោះ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាបានថ្លែងអំណរគុណដល់ក្រសួងនានា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រនូវព្រឹត្តិការណ៍យោគៈអន្តរជាតិនាពេលកន្លងមក ហើយបានអំពាវនាវឱ្យប្រជាជនចូលរួមហាត់យោគៈពីផ្ទះក្រោមពាក្យស្លោកថា “យោគៈនឹងនៅផ្ទះ” ។

ឯកអគ្គរដ្ឋទូតឥណ្ឌាក៏បានកត់សម្គាល់ថា ការហាត់យោគៈនឹងនាំឱ្យមកនូវភាពសុខដុមរវាងផ្លូវចិត្ត និងកាយ ហើយ យោគៈ គឺជាសិល្បៈ និងវិទ្យាសាស្ត្រនៃការរស់នៅប្រកបដោយសុខភាពល្អ ដែលនាំឱ្យមានភាពស្ងប់អារម្មណ៍ទាំងក្នុងផ្លូវចិត្ត និងកាយ បុរសនិងធម្មជាតិ មនសិការបុគ្គល និងមនសិការសកល។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតឥណ្ឌា បានថ្លែងអំណរគុណចំពោះក្រសួងទេសចរណ៍កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់កិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងការរៀបចំព្រឹត្តិការណ៍យោគៈអន្តរជាតិ កន្លងមកដោយភាពជោគជ័យ។

សូមជម្រាបថា ព្រឹត្តិការណ៍យោគៈត្រូវបានប្រារព្ធឡើងជា៥ដំណាក់កាលរួមមានព្រឹត្តិការណ៍ បើកឆាកចំនួន២ដង នៅក្នុងបរិវេណស្ថានទូតនៅភ្នំពេញនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២១ ព្រឹត្តិការណ៍ធំ គឺធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលរាជធានីភ្នំពេញនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ វគ្គហាត់យោគៈ តាមអនឡាញដោយមានការចូលរួមពីរាជបណ្ឌិត្យសភានគរបាលកម្ពុជា និងសមាគមន៍ឥណ្ឌានៅថ្ងៃទី២១ ខែមិថុនាឆ្នាំ ២០២១ និងសិក្ខាសាលាមួយនៃយោគៈ និងអាយុវេដាស្តីពីសុខុមាលភាព នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ ព្រឹត្តិការណ៍ធំគឺធ្វើឡើងនៅក្នុងបរិវេណសណ្ឋាគារសូហ្វីតែលរាជធានីភ្នំពេញ ដោយមានការចូលរួមលោកពីឯកឧត្តម ហាប ទូច រដ្ឋលេខាធិការតំណាងឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក ដេវិន អគ្គនាយករងកីឡាក្រសួងអប់រំ យុវជន និងកីឡា ឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានា ប្រចាំព្រះរាជា ណាចក្រកម្ពុជា៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner