គម្រោងសាងសង់ស្ថានីយបូមទឹក នៅមុខ CDC សម្រេចបាន ៩៥ភាគរយ គ្រោងបញ្ចប់នៅខែសីហាខាងមុខនេះ

ភ្នំពេញ៖ គម្រោងសាងសង់ស្ថានីយបូមទឹកមុខCDC ជាប់ដងទន្លេសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់ ប្រទេសជប៉ុន ការស្ថាបនាមកដល់ពេលនេះ សម្រេចបាន៩៥ភាគរយហើយ គ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០២១នេះ ដែលអាចបូមរំដោះទឹកភ្លៀងចេញពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងខាងកើតមហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វា។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានី ភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី២១មិថុនានេះថា ៖គម្រោងសាងសង់ស្ថានីយបូមទឹកមុខCDC ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន(ទីភ្នាក់ងារអភិវឌ្ឍន៌អន្តរជាតិជប៉នហៅ ចៃកា )ក្រុមការងារបានអនុវត្តការងារ ជិតរូចរាល់ហើយ ពោលគឺមិនដល់២ខែទៀតទេ ស្ថានីយបូមទឹកមួយនេះ នឹងរួចរាល់ជាស្ថាពរ ដោយគិតត្រឹមថ្ងៃទី១៨ មិថុនានេះ ការងារខួងដាក់បំពង់លូកាត់យកទឹកកខ្វក់ពីស្ថានីយបូមទឹកមុខCDCនេះ ដល់ផ្លូវលេខ៧០ មានទំហំមុខកាត់៨០០មីលីម៉ែត្រ ប្រវែង១៥៤០ម៉ែត្រ សាងសង់រួច១០០ភាគរយហើយ។

ការងារសាងសង់អាងស្តុកក្រោមដីមុខCDC មានចំណុះ ៦៥០០ម៉ែត្រគូប។ ការងារសាងសង់ស្ថានីបូមទឹក មានសមត្ថភាព ១,៤ ម៉ែត្រគូប ក្នុង១វិនាទី។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ៖ស្ថានីយបូមទឹកមុខCDC បានចាប់ដំណើរការសាងសង់ ពីខែមិថុនា ឆ្នាំ២០១៩ សម្រេចបាន៩៥ភាគរយហើយ គ្រោងបញ្ចប់ នៅខែសីហាឆ្នាំ២០២១ ។

លោកបន្តថា៖ស្ថានីយនេះ អាចបូមរំដោះទឹកភ្លៀងចេញពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងកើតមហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វា។
ស្ថានីយបូមទឹកមុខCDC គឺជាស្ថានីយបូមទឹកមួយស្ថិត ក្នុងគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤របស់ទីភ្នាក់ងារអភិវឌ្ឍន៌អន្តរជាតិជប៉នហៅចៃការ ប្រទេសជប៉ុនផងដែរ។

គួរបញ្ជាក់ថា ៖គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៤ខែមិនាឆ្នាំ ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី០៤របស់ចៃកានេះ មានទឹកប្រាក់ សរុបប្រមាណ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹករបារ ត្រង់សំរាមមេកានិចប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក ។ ក្នុងនោះការសាងសង់ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ខាងជើងវត្តភ្នំធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ ខណ្ឌទួលគោកជាដើម៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner