ខេត្តឧត្តរមានជ័យ ឆ្លង២៥នាក់ (Video Inside)
ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ២៥នាក់ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខមានការឡើងខ្ពស់ជាងម្សិលម៉ិញរហូតដល់ ២៣នាក់ ។ ខេត្តឧត្តរមានជ័យ នៅថ្ងៃម្សិលម៉ិញ បានរកឃើញអ្នកឆ្លងកូវីដ១៩ តែ២នាក់ នោះទេ ។
យោងតាមរដ្ឋបាលខេត្តអ្នកទើបរកឃើញឆ្លងថ្មីទាំង ២៥នាក់ នៅថ្ងៃនេះ មាន៥នាក់ ជាការឆ្លងនៅក្នុងសហគមន៍ និង ២០នាក់ ដទៃទៀត ជាការឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ អ្នកជំងឺកូវីដ១៩ថ្មីទាំង ២៥នាក់នោះ មានមានអាសយដ្ឋាននៅក្រុងសំរោង, នៅស្រុក អន្លង់វែង, នៅស្រុកចុងកាល់, ស្រុកអូស្មាច់ និងជាពលរដ្ឋមកពីខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ។
ខេត្តឧត្តរមានជ័យ មានអ្នកឆ្លងកូវីដ១៩ចំនួន ១៧៧នាក់ ភាគច្រើនបំផុតសុទ្ធជាករណីនាំចូលពីក្រៅប្រទេស, ក្នុងចំណោមនោះមានអ្នកជាសះស្បើយចំនួន ៧០នាក់ អ្នកកំពុងសម្រាកព្យាបាល ១០៥នាក់ និងមាន អ្នកស្លាប់ ២នាក់ ៕