កម្ពុជាប្រកាសដាក់ដំណើរការ រោងចក្ររ៉ែមាស នៅមណ្ឌលគិរី (Video Inside)

កម្ពុជាប្រកាសដាក់ឲ្យដំណើរការនូវការដ្ឋានអាជីវកម្មនិងរោងចក្ររ៉ែមាសជាលក្ខណៈឧស្សាហកម្ម នៅថ្ងៃទី២១ មិថុនានេះហើយដែលជាអាជីវកម្មលើកដំបូងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ការប្រកាសដាក់ឲ្យ ដំណើរការរោងចក្រចម្រាញ់មាសជាលើកដំបូងនេះ បានធ្វើក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម នៅតំបន់អូរខ្វាវ នៃខេត្តមណ្ឌលគិរី។ លោករដ្ឋមន្ត្រី ស៊ុយ សែម បានថ្លែងក្នុងពិធី ថា សម្រាប់ រ៉ែមាសនេះមិនមែនមានតែក្នុងខេត្តមណ្ឌលគិរីនោះទេ, ខេត្តព្រះវិហារ, ខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ, ខេត្តបាត់ដំបង, ខេត្តកំពង់ចាម និងខេត្តរតនគីរី ក៏មានរ៉ែមាសនេះផងដែរ។

ការប្រកាសដាក់ដំណើរការនេះ បានធ្វើឡើងក្រោយ ក្រុមហ៊ុនអូស្ត្រាលីឈ្មោះ រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited បានធ្វើការសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេល ប្រមាណ១៤ឆ្នាំ ជាមួយនឹងការប្រកាសកាលពីសប្តាហ៍មុន នូវលទ្ធភាពអាចផលិតមាសសុទ្ធបានចំនួន៣តោន ក្នុងមួយឆ្នាំ។ អាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ ត្រូវ បានចាប់ផ្ដើមពីពាក់កណ្ដាលឆ្នាំ ២០២០ ដោយប្រើ ប្រាស់ទុនវិនិយោគសរុបប្រមាណ១២០លានដុល្លាអាមេរិក។

លោករដ្ឋមន្ត្រី ស៊ុយ សែម បានថ្លែងនៅថ្ងៃប្រកាស បើកនេះទៀតដែរថាការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសនោះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណ ជិត២លានតោន ក្នុង១ឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត៩០ភាគរយ។ ការដ្ឋាននោះ អាចស្រូបទាញកម្លាំង ពលកម្មសរុបប្រមាណ៤៦២ នាក់ ក្នុងនោះជនជាតិខ្មែរប្រមាណ៤២៧ នាក់ និងបរទេស៣៥នាក់ ហើយអាច ទាញចំណូលប្រមាណ១៨៥ លានដុល្លារសហរដ្ឋអាមេរិកក្នុង ១ ឆ្នាំ ដែលក្នុង នោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ ៤០ លានដុល្លារអាមេរិក។

កម្ពុជាក្នុងសម័យដឹកនាំរបស់សម្តេចតេជោ​​ ហ៊ុន​ សែន ប្រទេសជាតិមិនត្រឹមតែអស់សង្គ្រាមស៊ីវិលនិង មានសុខសន្តិភាពប៉ុណ្ណោះទេ, ទឹកដីសុវណ្ណភូមិរបស់ខ្មែរ ត្រូវបានស្វែងរុករកប្រភពរ៉ែធម្មជាតិដែលបង្កប់ទុក ច្រើនសិបឆ្នាំ កន្លងមកនិងបានទទួលនូវកំណប់ទ្រព្យវិសាលដូចជារ៉ែប្រេងកាត, រ៉ែមាស និងរំពឹងការរកឃើញ រ៉ែ ដទៃទៀតក្នុង សម័យដឹកនាំដ៏រុងរឿងបច្ចុប្បន្ននេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner