កីឡាការិនីកម្ពុជា ស្រួង ភាវី ដណ្ដើមបានជើងឯកពិភពលោកស្នូកឃ័រ (Video Inside)
កីឡាការិនីស្នូកឃ័រឆ្នើមរបស់កម្ពុជា លោកស្រី ស្រួង ភាវី បានឈ្នះជើងឯកលើកដំបូង ក្នុងការប្រកួត កីឡា ស្នូកឃ័រ ការ៉ុម ដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship ផ្នែកនារី នៅសាធារណរដ្ឋកូរ៉េ។ ការឈ្នះជើងឯកនោះ បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ជនជាតិកូរ៉េ ដោយលទ្ធផល ៣សិតទល់នឹង១សិត នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២០មិថុនា ឆ្នាំ២០២១ ។
កីឡាការិនី ស្រួង ភាវី បានឲ្យដឹងថា ការប្រកួតនោះគឺជាការប្រកួតកម្រិតជើងឯកពិភពលោក ដែលបានធ្វើឡើងរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូត ដល់ថ្ងៃទី២១ មិថុនា ឆ្នាំ២០២១។ នោះគឺជាលើកដំបូងហើយ ដែលលោកស្រីបានចូលរួមប្រកួតព្រឹត្តិការណ៍ អន្ដរ ជាតិដ៏ធំបែបនេះ បន្ទាប់ពីលោកស្រីបានចុះកុងត្រាប្រកួតតំណាងក្រុមហ៊ុន Blue One Resort រយៈពេល១ឆ្នាំមក ។ ការប្រកួតនោះ មានកីឡាការិនីចូលរួមសរុប ៦៤នាក់ ដែលសុទ្ធសឹងជាជើងខ្លាំងកម្រិតពិភពលោក ។
លោកស្រី ស្រួង ភាវី ទម្រាំអាចឈ្នះនូវពានរង្វាន់ជើងឯកនេះ លោកស្រីបានឆ្លងកាត់ការប្រកួតជាច្រើនវគ្គ រហូត បានឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយប៉ះកីឡាការិនីមានបទពិសោធយូរឆ្នាំ Kim Gayoung ចុងក្រោយកន្លងមកនេះ។ ជាមួយការដណ្ដើមបានជើងឯកពានរង្វាន់ Blue One Resort LPBA Championship នោះ កីឡាការិនី ស្រួង ភាវី បានទទួលប្រាក់រង្វាន់ចំនួន ២០លានវ៉ុន ឬស្មើនឹងប្រមាណ ១ម៉ឺន៧ពាន់៥៧៩ដុល្លារអាមេរិក ។